កត្ដា ២យ៉ាងធ្វើឲ្យណាហ្គាវើល បង្កើនការប្រុងប្រយ័ត្ន ប៉ះភ្នំពេញក្រោនថ្ងៃសុក្រនេះ

នូ មករា July 24, 2018


ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល អះអាងថា បានត្រៀមខ្លួនជាស្រេច ដើម្បីបើកទ្វារកីឡដ្ឋានស្ដាតចាស់ ទទួលក្រុមភ្នំពេញក្រោន នារសៀលថ្ងៃទី២៧ ខែកក្កដានេះ ។ ប៉ុន្ដែទន្ទឹមជាមួយគ្នា លោកបានដាក់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងជំនួបដ៏សំខាន់នេះ ពិសេសផ្ដោតលើកត្តា ២យ៉ាង គឺកត្ដាបច្ចុប្បន្នភាពរបស់ភ្នំពេញក្រោន និងប្រវត្តិជួបគ្នា កាលពីជើងទី១ ទោះបីណាហ្គាវើលឈ្នះ ១-០ ក៏ដោយ ។

ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព លោកបញ្ជាក់ថា៖ «ភ្នំពេញក្រោនឥលូវ គឺជាក្រុមខ្លាំង ពិសេសការបន្ថែមកម្លាំងប្រយុទ្ធថ្មី សញ្ជាតិប្រេស៊ីល Valci Junior ដែលជាកីឡាករដ៏មានគុណភាព ហើយខ្ញុំគិតថា វានឹងពិបាក ។ ប៉ុន្ដែខ្ញុំរំពឹងកូនក្រុមនឹងធ្វើបានល្អ បន្ទាប់ពីពួកគេធ្វើមិនសូវបានល្អក្នុង ២ប្រកួតចុងក្រោយនៅសៀមរាប និង កំពត…។ ឥលូវអ្វីដែលជាបញ្ហា គឺយើងត្រូវប្រើកីឡាករណាឲ្យចំទីតាំង ពិសេសកីឡាករបរទេស ៥នាក់របស់យើង សុទ្ធតែគុណភាពប្រហាក់ប្រហែលគ្នា ចឹងយើងរង់ចាំការសម្រេចចិត្តចុងក្រោយ ។»

ដោយឡែកប្រវត្តិជួបគ្នាជើងទី១ គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A រូបនេះនិយាយថា៖ «ជើងទី១ ភ្នំពេញក្រោន អត់អន់ទេ គ្រាន់តែពួកគាត់ខ្វះសំណាង ។ យើងក៏លេងបានល្អដែរ គ្រាន់តែពេលខ្លះ ពួកគាត់ខ្វះសំណាង ព្រោះពួកគាត់មានឱកាសច្រើន តែគាត់ទាត់អត់ចូល ។ ខ្ញុំគិតថា ចំពោះភ្នំពេញក្រោន មិនមែនជាក្រុមអន់ ឬធ្វេសប្រហែសបានឡើយ យើងត្រូវតែប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច ដើម្បីទទួលបាននូវលទ្ធផលល្អ ។»

គួរបញ្ជាក់ថា ដំបូងឡើយជំនួបគូពិសេសរវាងណាហ្គាវើល និងភ្នំពេញក្រោន គឺត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដាសប្ដាហ៍មុន ប៉ុន្ដែដោយសារក្រុមណាហ្គាវើល មានភារកិច្ចចូលរួមកម្មវិធីបាល់ទាត់ជាមួយយុវជនខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ភាគីទាំងពីរ ក៏ឯកភាពក្នុងការលើកមកប្រកួតនៅថ្ងៃទី២៧ ខែកក្កដាសប្ដាហ៍នេះ ។ មិនតែប៉ុណ្ណោះក្រុមបឹងកេត ប៉ះក្រុមក្រសួងការពារជាតិ ក៏ត្រូវបានលើកពីថ្ងៃទី០៥ ខែសីហា មកប្រកួតនៅថ្ងៃសុក្រនេះផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់