មិត្តភាព៖ U16 កម្ពុជា កម្ដៅសាច់ដុំជាមួយ U19 UiTM ម៉ោង ៤៖៣០នាទីល្ងាចនេះ

នូ មករា July 23, 2018


ភ្នំពេញ៖ បន្ទាប់ពីប្រកួតចាញ់ក្រុម U16ម៉ាឡេស៊ី ក្នុងជំនួបមិត្តភាពកាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយក្រុម U19 UiTM របស់ម៉ាឡេស៊ីវិញម្ដង នាវេលាម៉ោង ៤៖៣០នាទីល្ងាចនេះ ដើម្បីត្រៀមពានរង្វាន់ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ីចុងសប្ដាហ៍នេះ ។

គួរបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិនេះ ធ្វើឡើងស្របពេលក្រុម U16 កម្ពុជា កំពុងបោះជំរុំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ីរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក Lee Tae Hoon ។ ឆ្លៀតឱកាសនោះ ទើបក្រុម U16 កម្ពុជា បានណាត់ក្រុមម្ចាស់ផ្ទះធ្វើការប្រកួតមិត្តភាពជាបន្ដបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរ សម្រាប់ត្រៀមពានយុវជនប្រចាំតំបន់ខាងលើ ។

សម្រាប់ក្រុម U16កម្ពុជា ក្រោយបញ្ចប់ការបោះជំរុំហ្វឹកហាត់នៅម៉ាឡេស៊ី ពួកគេនឹងធ្វើដំណើរទៅប្រទេសឥណ្ឌូស៊ីតែម្ដង ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF U16 Championship 2018 ដោយកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមការពារតំណែងជើងឯកវៀតណាម, មីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី គ្រាដែលប្រកួតបើកឆាកក្រុមគោព្រៃជំទង់កម្ពុជា ត្រូវជួបវៀតណាម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់