Hun Sen Cup៖ U18បាទី ស៊ីកោះកុង ៤-១ ខណៈវគ្គ ១/៤ ចាប់គូប្រកួតព្រឹកនេះ

នូ មករា July 23, 2018


ភ្នំពេញ៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិ U18បាទី បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកោះកុង ដោយលទ្ធផល ៤-១ នាជំនួបជើងទី១ ក្នុងវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ រដូវកាលទី១២ កាលពីម្សិលមិញ គ្រាដែលការប្រកួតកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ(១/៤) នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដាចុងសប្ដាហ៍នេះ នៅទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ។

ការប្រកួតជើងទី១ នេះ ធ្វើឡើងមុនគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC រៀបចំកម្មវិធីចាប់គូប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នាវេលាម៉ោង ១១ព្រឹកនេះ នៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីរកឃើញក្រុមឡើងវគ្គបន្ដ ៧ក្រុមបណ្ដោះអាសន្ន រួមមានក្រុមបឹងកេត, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, ណាហ្គាវើល, អង្គរថាយហ្គឺរ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ។ យ៉ាងណាមិញ ក្រុម U18បាទី និងខេត្តកោះកុង ក៏មានឈ្មោះក្នុងហិបឆ្នោតថ្ងៃនេះដែរ ប៉ុន្ដែបើក្រុមណា ចាប់ប៉ះក្រុមទាំងពីរមានន័យថា ក្រុមនោះ ត្រូវជួបក្រុមមួយ ដែលទទួលបានជ័យជម្នះនៅជើងទី២ នាចុងសប្ដាហ៍នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់