រឿង ២យ៉ាងគួរឲ្យចាប់អារម្មណ៍ក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៥

នូ មករា July 23, 2018


ភ្នំពេញ៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី១៥ ចំនួន ៥ប្រកួតហើយ នៅឡើយតែក្រុមភ្នំពេញក្រោន ប៉ះណាហ្គាវើលប៉ុណ្ណោះ ដែលបានលើកពេលទៅប្រកួតនៅថ្ងៃទី២៧ ខែកក្កដាខាងមុខ ។ តែក្នុងចំណោម ៥ប្រកួត ដែលបានបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ មានរឿង ២យ៉ាងគួរឲ្យចាប់អារម្មណ៍ នៅក្នុងជំនួបរវាងក្រុមវេស្ទើនភ្នំពេញ ប៉ះក្រុមក្រសួងការពារជាតិ និងក្រុមវិសាខា ប៉ះក្រុមអាស៊ីអឺរ៉ុប ។

រឿងទី១៖ វេស្ទើន បានស្គាល់ពាក្យស្មើលើកដំបូង ក្រោយប្រកួត ៩០នាទីស្មើក្រុមខ្លាំងក្រសួងការពារជាតិ ៣-៣ លើទឹកដីខ្លួន ។ ទោះបីវេស្ទើន មិនទាន់បំបែកកំណត់មិនស្គាល់ពាក្យឈ្នះក៏ពិតមែន ប៉ុន្ដែវាគឺជាលទ្ធផលគួរភ្ញាក់ផ្អើល ដែលវេស្ទើន អាចយកស្មើក្រសួងការពារជាតិ ខណៈកាលពីជើងទី២ ការពារជាតិបានលត់ពួកគេ ៨-០ ឯណោះ ។ លទ្ធផលនេះ បានធ្វើឲ្យក្រសួងការពារជាតិ របូតឱកាសដណ្ដើមកៅអីលេខ៣ ពីណាហ្គាវើល បន្ដឈរលេខ៤ មាន ៣១ពិន្ទុ ស្របពេលវេស្ទើនរកបាន ១ពិន្ទុដំបូង បន្ដឈរបាត់តារាងដដែល ។

រឿងទី២៖ វិសាខា បានយកឈ្នះអាស៊ីអឺរ៉ុប ៤-២ ដើម្បីជាការសងសឹក ក្រោយបរាជ័យកាលពីជើងទី១ ក្នុងលទ្ធផល ២-០ លើកទឹកដីខ្លួន ។ ប៉ុន្ដែបើសរុបលទ្ធផលជួបគ្នា ២ជើង គឺក្រុមទាំងពីរ បានត្រឹមស្មើគ្នា ៤-៤ ប៉ុណ្ណោះ ។ តែយ៉ាងណាការរកបាន ៣ពិន្ទុរបស់ក្រុមវិសាខា ធ្វើឲ្យពួកគេ ឡើងទៅឈរលេខរៀងទី២ បណ្ដោះអាសន្ន និងមាន ៣៥ពិន្ទុលើក្រុមណាហ្គាវើលវិញ តែក្រុមលោក មាស ចាន់ណា សល់មួយប្រកួតក្នុងដៃ ។ រីឯក្រុមអាស៊ីអឺរ៉ុប បានធ្លាក់ទៅឈរលេខរៀងទី៨ ដោយមាន ១៨ពិន្ទុ ។

ចំពោះលទ្ធផល ៣ប្រកួតផ្សេងទៀត រួមមានក្រុមបឹងកេត វាយបកឈ្នះក្រុមសូលទីឡូអង្គរ ២-១ ក្រោយស្មើគ្នាជើងទី១ ដោយលទ្ធផល ១-១ ដែលធ្វើឲ្យបឹងកេត បន្ដកំណត់ត្រាមិនដែលចាញ់ និងមាន ៣៩ពិន្ទុឈរកំពូលតារាង ។ ក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-១ បន្ទាប់ពីបរាជ័យលើទឹកដីស្វាយរៀង ៣-១ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដយកឈ្នះក្រុមអគ្គិសនីកម្ពុជា ដោយលទ្ធផល ៤-១ ដូចកាលពីជើងទី១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់