មិត្តភាព៖ U16កម្ពុជា ចាញ់ម៉ាឡេស៊ី ៤-០ មុនចេញទៅឥណ្ឌូនេស៊ី

នូ មករា July 21, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦កម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ U16ម៉ាឡេស៊ី ដោយលទ្ធផល ៤-០ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីល្ងាចមិញ មុនចេញបន្ដទៅប្រកួតពានរង្វាន់ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្ដើមនាថ្ងៃទី២៩ ខែកក្កដាខាងមុខ ។

ជំនួបមិត្តភាពលក្ខណៈកម្ដៅសាច់ដុំនេះ ធ្វើឡើងស្របពេលក្រុម U16កម្ពុជា កំពុងបោះជំរុំហ្វឹកហាត់លើទឹកដីប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំរបស់លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៧ ខែកក្កដានេះ ។ ប៉ុន្ដែវាគឺជាការត្រៀមខ្លួន ដើម្បីចូលរួមប្រកួតពានកម្រិតអាស៊ានខាងលើដូចគ្នា គ្រាន់តែស្ថិតក្នុងពូលខុសគ្នាប៉ុណ្ណោះ ។
សម្រាប់ក្រុម U16កម្ពុជា គឺស្ថិតក្នុងពូលA ជាមួយក្រុមខ្លាំងៗ ៦រូបផ្សេងទៀត រួមមានក្រុម U16វៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។ ចំណែកក្រុម U16ម៉ាឡេស៊ី គឺស្ថិតក្នុងពូលB ជាមួយ ៤ក្រុមផ្សេងទៀត រួមមានថៃ ប្រ៊ុយណេ ឡាវ និងសិង្ហបុរី ។ ចំពោះក្រុមគោព្រៃជំទង់កម្ពុជា ក្រោយបញ្ចប់ការហ្វឹកហាត់នៅម៉ាឡេស៊ី នឹងធ្វើដំណើរទៅឥណ្ឌូនេស៊ីតែម្ដង ខណៈការប្រកួតផ្លូវការ នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែកក្កដា រហូតថ្ងៃទី១១ ខែសីហាខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់