លីគកំពូល៖ វិសាខា និងស្វាយរៀង អាចសងសឹក AEU និងអង្គរថាយហ្គឺរបានទេល្ងាចនេះ?

នូ មករា July 21, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី១៥ ថ្ងៃនេះមាន ៣ប្រកួតសុទ្ធសឹងជាគូជក់ចិត្ត ពិសេសគឺក្រុមវិសាខា និងក្រុមព្រះខ័នរាជស្វាយរៀង ដែលត្រូវសងសឹកគូប្រជែងរៀងៗខ្លួន បន្ទាប់ពីបរាជ័យកាលពីជើងទី១ ជាមួយក្រុមអាស៊ីអឺរ៉ុប(AEU) និងក្រុមអង្គរថាយហ្គឺរ ។ សម្រាប់ក្រុមវិសាខា គឺត្រូវជួបក្រុមអាស៊ីអឺរ៉ុប ។ កាលពីជើងទី១ វិសាខា បានបរាជ័យក្នុងដី ដោយលទ្ធផល ២-០ នៅលើទឹកដីរបស់ខ្លួន ។ យ៉ាងណាមិញជំនួបជើងទី២ គ្រូបង្វឹកក្រុមវិសាខាលោក ហុក សុជីវ័ន ហាក់មិនសូវបារម្ភនោះទេ ត្បិតទម្រង់លេងរបស់អាស៊ីអឺរ៉ុបបច្ចុប្បន្ន រាងធ្លាក់ចុះជាងមុន ។ តែយ៉ាងណាលោកនៅតែប្រុងប្រយ័ត្ន និងគោរពគូប្រជែងនិច្ច ទោះបីក្រុមខ្លួនត្រូវការ ៣ពិន្ទុបន្ថែមក៏ដោយ ។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង គឺត្រូវជួបក្រុមអង្គរថាយហ្គឺរ លើទឹកដីកីឡដ្ឋានខេត្តសៀមរាប ។ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានបរាជ័យលើទឹកដីខ្លួន ដោយលទ្ធផល ៣-១ ។ ដូច្នេះវាគឺជាការប្រកួតដ៏តឹងតែងសម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ដែលត្រូវសងសឹកក្រៅដី ស្របពេលក្រុមទាំងពីរ ទើបធ្វើការងារធ្ងន់រៀងៗខ្លួន នៅក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ដើម្បីឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ។
ដោយឡែកជំនួប ១ប្រកួតទៀត គឺជាការជួបគ្នារវាងក្រុមបឹងកេត និងក្រុមសូលទីឡូអង្គរ ។ ជំនួបនេះក៏មិនធម្មតាដែរ ក្រោយប្រកួតជើងទី១ ក្រុមទាំងពីរបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រកួត ៩០នាទីស្មើគ្នា ១-១ ។ ហេតុនេះ ចាំមើលជើងទី២ នេះ លទ្ធផលជួបគ្នារវាងក្រុមទាំងពីរ នឹងទទួលបានបែបណា បើក្រុមបឹងកេត កំពុងត្រូវការ ៣ពិន្ទុ ដើម្បីការពារកៅអីកំពូលតារាងរបស់ខ្លួនដូច្នេះ? គួរបញ្ជាក់ថា លីគកំពូលកម្ពុជា សប្ដាហ៍ទី១៥ គឺមានត្រឹម ៥ប្រកួតប៉ុណ្ណោះ បន្ទាប់ពីជំនួបគូពិសេសក្រុមភ្នំពេញក្រោន ជួបក្រុមណាហ្គាវើល ត្រូវបានលើកទៅប្រកួតនៅថ្ងៃទី២៧ ខែកក្កដាខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់