ពាន Hun Sen Cup នឹងចាប់គូប្រកួតវគ្គ ១/៤ ថ្ងៃច័ន្ទ ខណៈ U18បាទី និងកោះកុង…!

នូ មករា July 20, 2018


ភ្នំពេញ៖ បន្ទាប់ពីរកឃើញក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup)-ថ្នាក់ជាតិ រដូវកាលទី១២ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) នឹងរៀបចំកម្មវិធីចាប់គូប្រកួតវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៣ ខែកក្កដាដើមសប្ដាហ៍ក្រោយ ខណៈឈ្មោះរបស់ក្រុមយុវជនសាលាបាល់ទាត់ជាតិ U18បាទី និងខេត្តកោះកុង ក៏មានក្នុងបញ្ជីចាប់ឆ្នោតផងដែរ ។

គួរបញ្ជាក់ថា សម្រាប់បេក្ខភាពក្រុមត្រូវប្រកួតវគ្គ ១/៤ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Hun Sen Cup-ថ្នាក់ជាតិ ដែលបានឆ្លងកាត់ការប្រកួត ២ជើងរួចរាល់ គឺមានក្រុមភ្នំពេញក្រោន បឹងកេត ព្រះខ័នរាជស្វាយរៀង ណាហ្គាវើល អង្គរថាយហ្គឺរ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមក្រសួងការពារជាតិ ។ រីឯក្រុមត្រូវដណ្ដើមកូនពៅ សម្រាប់វគ្គនេះ គឺក្រុម U18បាទី និងខេត្តកោះកុង ដែលត្រូវប្រកួតជើងទី១ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ លើទឹកដីខេត្តកោះកុង និងប្រកួតជើងទី២ នាថ្ងៃទី២៨ ខែកក្កដា នៅទីលានសាលាបាល់ទាត់ជាតិបាទី ។

ប៉ុន្ដែចំពោះនីតិវិធីចាប់គូប្រកួតនាថ្ងៃច័ន្ទខាងលើ ទោះបីខេត្តកោះកុង និងក្រុម U18បាទី មិនទាន់បញ្ចប់ការប្រកួតជើងទី២ ក៏ពិតមែន តែគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងរៀបចំឈ្មោះក្រុមទាំងពីរ ក្នុងគ្រាប់ឆ្នោតមួយ បើសិនក្រុមណា ចាប់គូមកប៉ះក្រុមទាំងពីរ មានន័យថា ក្រុមនោះ នឹងត្រូវជួបក្រុម U18បាទី ឬក្រុមខេត្តកោះកុង ប្រសិនបើក្រុមណាមួយ ទទួលបានជ័យជម្នះ ក្រោយបញ្ចប់ការប្រកួត ២ជើង ។ រីឯក្រុមផ្សេងៗ គឺមានឈ្មោះក្នុងក្រឡចាប់គូធម្មតា ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់