រឿងធំ! ច្រឹង ពលរដ្ឋ មិនមែនជាកីឡាកររបស់ទ័ពទៀតឡើយ

នូ មករា July 20, 2018


ភ្នំពេញ៖ ស្របពេលដំណឹងទៅលេងក្លឹបក្របខណ្ឌលីគទី៤ របស់អេស្ប៉ាញហាក់ស្ងប់ស្ងាត់ ស្រាប់តែលេចចេញនូវព័ត៌មានដ៏ក្ដៅគគុកក្នុងពិភពបាល់ទាត់កម្ពុជាមួយ ជុំវិញអនាគតរបស់កីឡាករ ច្រឹង ពលរដ្ឋ ដោយត្រូវបានប្រមុខថ្នាក់ដឹកនាំក្រុមក្រសួងការពារជាតិ(ទ័ព) លោក ទេព ឡុងរចនា អះអាងថា ពលរដ្ឋ មិនមែនជាសមាជិករបស់ក្រុមលោកទៀតឡើយ ។ លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមក្រសួងការពារជាតិ បានឲ្យដឹងថា បន្ទាប់ពីត្រឡប់មកពីក្រុមជម្រើសជាតិកម្ពុជា កាលពីដើមឆ្នាំ២០១៨ គេមិនបានចូលរួមជាមួយមិត្ដរួមក្រុម ឬផ្ដល់ព័ត៌មានដល់ក្លឹបនោះទេ ។ ដោយសារការអវត្តមានពីទីលានហ្វឹកហាត់ជាច្រើនខែនេះហើយ ទើបក្លឹបសម្រេចចាត់ទុករូបគេ គឺជាក្មេងក្រៅស្រុក មិនមែនជាកីឡាកររបស់ក្រសួងការពារជាតិនោះទេ ។

លោកបានបញ្ជាក់ថា៖ «ឥលូវនេះយើងសម្រេចលើទង្វើររបស់គាត់ មើលចរិតរបស់គាត់ គាត់មិនមែនជាក្មេងរបស់ទ័ពទៀតទេ ហើយឥលូវ ចំពោះគាត់ទៅណា មកណា យើងអត់ដឹងទេ ព្រោះយើងដាច់ខ្សែរយៈ យើងអត់ដឹងគាត់នៅឯណា ហើយគាត់ទៅណា យើងអត់ដឹង គ្រាន់តែយើងលឺល្ហៀងៗ ថាគាត់ទៅនេះទៅនោះ! តែចុងក្រោយយើងអត់ដឹងថា គាត់ទៅណាទាំងអស់» ។
សូមរំឮកថា ច្រឹង ពលរដ្ឋ ត្រូវបានអ្នកគាំទ្រស្គាល់ច្បាស់ តាមរយៈការបង្ហាញទេពកោសល្យឲ្យក្រុមទ័ព និងក្រុមជម្រើសជាតិកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយ ។ ប៉ុន្ដែក្រោយត្រូវបានលោក Leonardo អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ពិន័យដកពីបញ្ជីឈ្មោះក្រុមជម្រើសជាតិ អំឡុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ប្រជាប្រិយភាពរបស់គេ ក៏ហាក់ធ្លាក់ចុះជាបន្ដបន្ទាប់ រហូតដល់មុនចាប់ផ្ដើមរដូវកាលថ្មី ក៏មានព័ត៌មានចាកចេញពីទ័ព ទៅវិសាខាផងដែរ តែមិនបានសម្រេច ព្រោះការចរចាមិនត្រូវគ្នា ។
  
អ្វីដែលគួរឲ្យចាប់អារម្មណ៍ មុនលោក ទេព ឡុងរចនា ទម្លាយព៏ត៌មានដ៏រសើប ជុំវិញការឈប់ទទួលស្គាល់ ច្រឹង ពលរដ្ឋ ជាសមាជិករបស់ក្រសួងការពារជាតិនេះ គឺកាលពីប៉ុន្មានខែមុន សាមីខ្លួនផ្ទាល់ ពលរដ្ឋ បានអះអាងថា ខ្លួនចរចាត្រូវជាមួយក្លឹប La Nucia នៃលីគទី៤ របស់អេស្ប៉ាញ ដោយរង់ចាំតែវីសា(VISA)ប៉ុណ្ណោះ ហើយបើទទួលបានវីសាគេអាចនឹងទៅអេស្ប៉ាញ នៅដើមខែកក្កដា ប៉ុន្ដែរហូតមកទល់ពេលនេះ ដំណឹងល្អក្នុងដំណើរឆ្ពោះទៅប្រកបអាជីពនៅអឺរ៉ុបសម្រាប់ ពលរដ្ឋ ហាក់ស្ងប់ស្ងាត់ មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ
អត្ថបទ៖ បុត្រា

 

មតិយោបល់