អន្តរជាតិ៖ កីឡាករថៃម្នាក់ទៀតកំពុងស្ថិតក្រោមការតាមប្រមាញ់របស់លីគកំពូលជប៉ុន!

នូ មករា July 20, 2018


ថៃ៖ ក្លឹបបាល់ទាត់ Muangthong United FC របស់ប្រទេសថៃ ទើបតែបានប្រកាសជាផ្លូវការថា កីឡាកររបស់ពួកគេមួយរូបទៀតគឺ ខ្សែបម្រើស្លាបស្តាំកូនកាត់ថៃ-បារាំង Tristan Do អាចនឹងក្លាយជាកីឡាករបាល់ទាត់ថៃម្នាក់ទៀតដែលនឹងចេញទៅប្រកបអាជីពនៅក្នុងប្រទេសជប៉ុននារដូវកាលក្រោយ បន្ទាប់ពីមានក្លឹបមួយនៅលីគកំពូលជប៉ុនកំពុុងតាមប្រមាញ់ចង់បានរូបគេ ខណៈដែលកិច្ចសន្យាជាមួយក្លឹបថៃនេះក៏ជិតឈានដល់ទីបញ្ចប់ទៅហើយនោះ ។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំក្លឹប Muangthong United មិនទាន់សម្រេចជាផ្លូវការលើករណីនេះទេ ដោយក្លឹបនឹងរៀបចំកិច្ចប្រជុំមួយដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាចរចារជាមួយនឹងកីឡាករ Tristan Do ជាមុនសិន ស្របពលដែលតម្លៃខ្លួន ឬ ប្រាក់ពលកម្ម ព្រមទាំងលក្ខខណ្ឌនានាមិនត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ ។ សូមបញ្ជាក់ដែរថា ប្រសិនបើការចរចារទទួលបានជោគជ័យ Tristan Do នឹងក្លាយជាកីឡាករទី៤ របស់ក្លឹប  Muangthong United FC ដែលបានចេញទៅប្រកបអាជីពនៅក្នុងប្រទេសជប៉ុនពោលគឺបន្ទាប់ពី Chanathip Songkrasin, Teerasil Dangda និង Theerathon Bunmathan ៕

អត្ថបទ៖ មករា

មតិយោបល់