ឃាង ម៉េងហ៊ួរ កំណត់ពេល ១ ទៅ ២ឆ្នាំយកកៅអីជម្រើសជាតិ U21 និង U23

នូ មករា July 19, 2018


ភ្នំពេញ៖ ក្រោយទទួលបានឱកាសបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍អន្ដរជាតិលើកដំបូង ជាមួយក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា នៃពានរង្វាន់ AFF U19 Championship 2018 នៅឥណ្ឌូនេស៊ីកាលពីពេលថ្មីៗ បានជំរុញឲ្យយុវជន ឃាង ម៉េងហ៊ួរ មានកម្លាំងចិត្តកាន់តែខ្លាំង ក្នុងការស្វែងរកកៅអីសមាជិកក្រុមជម្រើសជាតិ U21 និង U23 កម្ពុជាបន្ដក្នុងរយៈពេល ១ ទៅ ២ឆ្នាំមុខ ។
 
ការអះអាងបែបនេះ បន្ទាប់ពីសមាជិកក្រុមយុវជនព្រះខ័នរាជស្វាយរៀងរូបនេះរកបាន ៤គ្រាប់ក្នុងចំណោម ២ប្រកួតជួយក្រុម U19កម្ពុជាទទួលបានលេខ៣ ក្នុងពូលB នៃពាន AFF U19 Championship 2018 ។ ម៉េងហ៊ួរ បានចាត់ទុកការរកគ្រាប់បាល់ក្នុងព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនេះ គឺជាកម្លាំងចិត្តដ៏សំខាន់ រុញច្រានឲ្យគេកាន់តែខិតខំប្រឹងបន្ថែមទៀត ដើម្បីសម្រេចគោលដៅក្នុងអាជីពបាល់ទាត់នាពេលអនាគតដ៏ខ្លីខាងមុខ ។
ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំរូបនេះ បានលើកឡើងថា៖ «ការរកបាន ៤គ្រាប់ក្នុងពាន AFF U19 បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលខ្លាំង និងអស្ចារ្យសម្រាប់ខ្ញុំ ។ ហើយខ្ញុំប្ដេជ្ញាថា នឹងពង្រឹងសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងក្នុងក្លឹបរបស់ខ្ញុំ និងដើម្បីបន្ដជួបក្រុមជម្រើសជាតិ U21 និង U23 ទៀត ក្នុងរយៈពេល ១ឆ្នាំ ឬ ២ឆ្នាំខាងមុខ» ។ ប៉ុន្ដែទោះបីជាបែបនេះក្ដី ក៏យុវជនរូបនេះ មិនភ្លេចការសិក្សាដែរ ព្រោះជាគោលដៅរបស់អាណាព្យាបាលខ្លួន ដែលចង់ឲ្យគេ រៀនសូត្របានជ្រៅជ្រះ ពោលគឺរីកចម្រើនស្មើគ្នាទាំងរៀនសូត្រ និងអាជីពបាល់ទាត់ ។
 
គួរបញ្ជាក់ថា ឃាង ម៉េងហ៊ួរ បានចាប់ផ្ដើមលេងបាល់ទាត់ក្នុងវ័យ ១៦ឆ្នាំ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៧ ។ ប៉ុន្ដែដោយមើលឃើញពីទេពកោសល្យ និងសមត្ថភាពដ៏ល្អរបស់គេ ទើបគ្រូបង្វឹកជនជាតិជប៉ុនលោក Musashi Mizushima ផ្ដល់ឱកាសឲ្យគេបង្ហាញសមត្ថភាពក្នុងពាន AFF U19 Championship 2018 ហើយ ៤គ្រាប់ ដែលរូបគេរកបាន គឺរកបាន ៣គ្រាប់ពេលក្រុម U19កម្ពុជា លត់ក្រុម U19ប្រ៊ុយណេ ៥-០ និងរកបាន ១គ្រាប់ពេលក្រុម U19កម្ពុជា យកឈ្នះក្រុមទីម័រខាងកើត ២-១ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់