អត្តពលិកវ័យក្មេងកម្ពុជា ចេញដំណើរទៅប្រកួត The 10th ASEAN School Games

នូ មករា July 19, 2018


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ ក្រុមកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជាបានចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាកន្លែងប្រព្រឹត្តិទៅនៃព្រឹត្តិការណ៍ The 10th ASEAN School ដោយមានការចូលរួមជូនដំណើរដោយ លោក អ៊ុក ឌីវ៉ង់ អគ្គនាយករងកីឡា, លោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជូនដំណើរក្រុម កីឡាករ-កីឡាការិនី និងប្រតិភូនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
  
លោក ព្រំ ប៊ុណ្ណយី នាយបេសកកម្មសម្រាប់ក្រុមកម្ពុជា និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាសិស្ស-និស្សិត កម្ពុជាបានថ្លែងប្រាប់អ្នកកាសែតថានេះជាចក្ខុវិស័យរបស់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាដែលតម្រូវឲ្យបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលទៅចូលរួមប្រកួតដើម្បីវាស់ពីកម្រិតសមត្ថភាពរបស់ពួកគេ ។  លោក អ៊ុក សិទ្ធិជាតិ ដែលជាអគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា បានបញ្ជាក់ថា ការចេញទៅប្រកួតនេះស្ថិតក្រោមការចំណាយទាំងស្រុងរបស់ក្រសួងអប់រំយុវជន និងកីឡា ដោយក្នុងនោះកីឡាចំនួន៤ប្រភេទត្រូវទៅចូលរួមប្រកួតប្រជែងដូចជា វាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក និង វាយសី ។
លោក ព្រំ ប៊ុណ្ណយី បានបន្តថា នេះជាលើកទី៣ ហើយដែលកម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតកីឡាសិស្សនេះដោយសម្រាប់ការចេញទៅប្រកួតលើកនេះក្នុង ប្រភេទកីឡាអត្តពលកម្មមានកីឡាករ៤រូប កីឡាការិនី៤រូបនោះគឺលេងវិញ្ញាសារត់បណ្ដាក់បុរស-នារី រត់១០០ និង២០០ម៉ែត្របុរស-នារី, រត់៤០០ម៉ែត្របុរស រត់១.៥០០ម៉ែត្របុរស-នារី និងរត់៣.០០០ម៉ែត្រ ។ ប្រភេទកីឡាវាយកូនឃ្លីលើតុដែលមានកីឡាករ៤រូប កីឡាការិនី៣រូបនោះលេងវិញ្ញាសាវាយម្នាក់ទល់ម្នាក់ បុរស ២នាក់ទល់២នាក់បុរសវិញ្ញាសាក្រុមបុរស និងនិងប្រកួតចម្រុះ ។ ប្រភេទកីឡាវាយសីមានកីឡាករ៦រូប កីឡា ការិនី៤រូបគឺលេងវិញ្ញាសាវាយគូ វិញ្ញាសាវាយទោល និង ប្រកួតជាក្រុម ។ ប្រភេទកីឡាហែលទឹកបញ្ជូនកីឡាករ៤រូប និង កីឡាការិនី៤រូប ។ ប្រទេសដែលចូលរួមប្រកួតមានចំនួន១០ដោយទីម័រខាងកើតអវត្តមាន ។ប្រភេទកីឡាដែលដាក់ឲ្យប្រកួតក៏ មាន១០ដែរគឺអត្តពលកម្ម ហែលទឹក វាយសី កាយសម្ព័ន្ធ បាល់បោះ Netball Squash វាយកូនឃ្លីលើតុ បាល់ទះនិង សីប៉ាក់តាក្រ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់