ផាន់នី អុីរដ្ឋា ប្រាប់មូលហេតុ EDC ចាញ់ភ្នំពេញក្រោនច្រើនគ្រាប់យប់មិញ

នូ មករា July 19, 2018


ភ្នំពេញ៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមអគ្គិសនីកម្ពុជា(EDC) កីឡាករ ផាន់នី អ៊ីរដ្ឋា បានសម្ដែងការសោកស្ដាយជាខ្លាំង ក្រោយមិនអាចជួយក្រុមឡើងវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ បន្ទាប់ពីបន្ដបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ៤-០ កាលពីយប់មិញ ហើយការរបូតគ្រាប់ច្រើនគ្រាប់ជាងកាលពីជួបគ្នាជើងទី១ នេះ ត្រូវបានអតីតកីឡាករព្រះខ័នរាជស្វាយរៀងដដែលបញ្ជាក់ថា គឺមូលហេតុមកពីការព្យាយាមសម្រុករកគ្រាប់បាល់ពេក ។

កីឡាករ ផាន់នី អ៊ីរដ្ឋា បានឲ្យដឹងក្រោយចប់ការប្រកួតយប់មិញថា បន្ទាប់ពី EDC បរាជ័យក្នុងដីកាលពីជើងទី១ បានជំរុញឲ្យក្រុមទាំងមូល ត្រូវការជ័យជម្នះដាច់ខាតនៅជើងទី២ ទើបពួកគេ ព្យាយាមសម្រុករកគ្រាប់ តែមិនបានសម្រេច ។ ប្រធានក្រុម EDC រូបនេះបញ្ជាក់ថា៖ «ការប្រកួតថ្ងៃនេះ វាពិបាកខ្លាំង ព្រោះជើងទី១ យើងចាញ់គេ ១គ្រាប់ ដល់ពេលចឹងជើងទី២ យើងប្រឹងសម្រុករកគ្រាប់បាល់ខ្លាំងទៅ ធ្វើឲ្យយើងមានចន្លោះប្រហោង និងរបូតគ្រាប់បាល់ច្រើនបែបនេះ» ។ បន្ថែមលើនេះ ក៏មានកត្ដាមួយចំនួន គឺជាឧបសគ្គរបស់ EDC ផងដែរ ដូចជាកត្ដាទីលានរអិលជាដើម ។
សូមបញ្ជាក់ថា ការបរាជ័យក្រោមថ្វីជើងក្រុមភ្នំពេញក្រោន ២ជើងដោយលទ្ធផល ៦-១ បានធ្វើឲ្យក្រុមអគ្គិសនីកម្ពុជា ខកបំណងក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ ខណៈគ្រូបង្វឹកលោក ប្រាក់ វុទ្ធី ធ្លាប់បានអះអាងថា យ៉ាងហោចក្រុមខ្លួនត្រូវឆ្លងដល់វគ្គ ៨ក្រុមចុងក្រោយ បើមិនដូច្នោះ វាគឺជាការដើរថយក្រោយរបស់ក្លឹប ។ រីឯភ្នំពេញក្រោន បានបន្ដដំណើរទៅវគ្គ ៨ក្រុមចុងក្រោយ តែមិនទាន់ដឹងពីគូប្រកួតបន្ដនោះទេ គឺរង់ចាំការចាប់គូប្រកួត ដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា(CNCC) ក្នុងពេលឆាប់ៗខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់