គ្រូបឹងកេត រំពឹងទម្លាក់វេស្ទើន តែឱកាសដណ្ដើមពាន Hun Sen Cup នៅចង្អៀត!

នូ មករា July 18, 2018


ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត ហាត់ជឿជាក់ ១០០% ក្នុងការទម្លាក់ក្រុមវេស្ទើន ដើម្បីដណ្ដើមកៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី២ ដែលនឹងត្រូវប្រកួតជើងទី២ សម្រាប់ពានរង្វាន់ថ្នាក់ជាតិវគ្គ ១៦ក្រុមចុងក្រោយថ្ងៃនេះ ។ ប៉ុន្ដែទោះជាបែបនេះក្ដី ក៏លោកមិនទាន់កំណត់គោលដៅលើកពានដែរ ព្រោះមានក្រុមខ្លាំងៗជាច្រើន គឺជាឧបសគ្គរបស់ខ្លួន ។ បន្ទាប់ពីយកឈ្នះក្រុមវេស្ទើន ក្រៅដី ៥-១ កាលពីជើងទី១ លោក ហៅ សុជាតិ មិនមានក្ដីបារម្ភ ចំពោះការប្រកួតកាត់សេចក្ដីជើងទី២ ដែលនឹងធ្វើឡើងលើទីលានពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី១៨ ខែកក្កដានេះឡើយ ។
 
លោកបានបញ្ជាក់ថា៖ «ចំពោះជើងទី២ វាមិនមានបញ្ហាធំនោះទេ ដោយសារជើងទី១ យើងរកបានគ្រាប់បាល់ជ័យជម្នះច្រើនហើយ ចឹងយើងគិតថា ជើងទី២ វាមិនមានសម្ពាធ សម្រាប់ក្រុមយើងឡើយ» ។ ប៉ុន្ដែទោះបីឱកាសឈានទៅវគ្គ ៨ក្រុមចុងក្រោយមានច្រើន សម្រាប់ក្រុមបឹងកេតក៏ពិតមែន តែគ្រូបង្វឹកដដែល អះអាងថា ផ្លូវឆ្ពោះទៅប្រជែងពាន នៅតែតូចចង្អៀត ពោលគឺមិនចាញ់ការប្រកួតពានលីគកំពូលកម្ពុជាឡើយ ។ លោកបានបន្ថែមថា៖ «ទាំងពាន Hun Sen Cup និងលីគ គឺមានការប្រកួតប្រជែងខ្លាំងដូចគ្នា ។ ពាន Hun Sen Cup ប្រើប្រាស់កីឡាករខ្មែរសុទ្ធ មានក្រុមខ្លាំងៗ ច្រើន ដូចជាភ្នំពេញក្រោន អគ្គិសនីកម្ពុជា ណាហ្គាវើល ព្រះខ័នរាជស្វាយរៀង និងវិសាខាជាដើម ខណៈលីគ ក៏ស្រដៀងគ្នាដែរ ចឹងមើលទៅ វាមានផលលំបាកច្រើនដែរ សម្រាប់យើងក្នុងការប្រជែងពានទាំងពីរ» ។

សូមបញ្ជាក់ថា សម្រាប់ពានរង្វាន់ Hun Sen Cup ក្រុមបឹងកេត បានចូលរួមប្រកួតនៅឆ្នាំ២០១២ ប៉ុន្ដែមិនធ្លាប់មានប្រវត្តិលើកពានឡើយ ដោយទទួលបានលទ្ធផលល្អបំផុតត្រឹមចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ២០១៤ ក្រោយយកឈ្នះក្រុមណាហ្គាវើល ៣-០ ខណៈកាលពីឆ្នាំ២០១៧ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយប្រកួតចាញ់ក្រុមអគ្គិសនីកម្ពុជា ដោយប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ១-១ ។ ផ្ទុយពីលីគកំពូលកម្ពុជា ក្រុមមានប្រភពមកពីខេត្តកំពង់ចាមនេះ ហាក់ទទួលបានជោគជ័យខ្លាំង ក្រោយបង្ហាញវត្តមាន ៦រដូវកាលដូចគ្នា តែបានលើកពាន ៣ដងឯណោះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់