Hun Sen Cup៖ ប៉ូលិស ប្ដេជ្ញាជម្នះឧសបគ្គទម្លាក់គិរីវង់ ឡើងវគ្គបន្ដ

នូ មករា July 18, 2018


ភ្នំពេញ៖ ក្រោយប្រកួតស្មើក្រុមគិរីវង់សុខសែនជ័យក្នុងដី ២-២ គ្រូបង្វឹកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស)លោក សារ៉េត ស៊ីដន បានលើកឡើងថា វាអាចជាសម្ពាធមួយ នៅជើងទី២ ដែលក្រុមខ្លួនត្រូវលេងក្រៅដី ប៉ុន្ដែលោក និងកូនក្រុមបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកជ័យជម្នះឲ្យបាន ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ នៅក្នុងជំនួបជើងទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup)-ថ្នាក់ជាតិ រដូវកាលទី១២ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ។
  
លោក សារ៉េត ស៊ីដន បញ្ជាក់ថា កាលពីជើងទី១ គឺជារឿងសោកស្ដាយ ដែលក្រុមខ្លួនមិនអាចយកឈ្នះលើទឹកដីខ្លួនឯង តែជើងទី២ លោកសង្ឃឹមថា កូនក្រុមនឹងធ្វើបានល្អជាងមុន ។ លោកបានថ្លែងថា៖ «ជើងទី២ យើងលេងលើទឹកដីគេ គឺជាផលវិបាក ប៉ុន្ដែយើងនឹងជម្នះឧបសគ្គទាំងនោះ ធ្វើម៉េចរកគ្រាប់ជ័យជម្នះឲ្យបាន ដើម្បីឡើងវគ្គបន្ដ យើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព…។ ជើងទី២ គឺជាការប្រកួតសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់បំផុត ហើយយើងសង្ឃឹមថា នឹងធ្វើបានល្អ ដូចកាលជួបក្រុមបឹងកេត កាលពីថ្ងៃសៅរ៍ ដើម្បីយកឈ្នះគិរីវង់» ។
 
កាលពីជើងទី១ ក្រោយបញ្ចប់ប្រកួតស្មើក្រុមគិរីវង់ គ្រូបង្វឹកដដែលបានអះអាថា ដោយសារការមានមោទនៈភាពលើខ្លួនឯងពេក ធ្វើឲ្យកូនក្រុម បាត់ទម្រង់ជាក្រុម ។ ប៉ុន្ដែការត្រៀមជួបគ្នាជើងទី២ ថ្ងៃនេះ កីឡាករម្នាក់ៗ បានកែប្រែនូវកំហុសកាលពីជើងទី១ ដើម្បីប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយជាមួយក្រុមគីរីវង់សុខសែនជ័យ ដើម្បីឆ្ពោះទៅសម្រេចមហិច្ឆតារបស់ថ្នាក់ដឹកនាំក្លឹប ដែលបានកំណត់គោលដៅយ៉ាងហោចឈានដល់វគ្គ ៤ក្រុមចុងក្រោយ នៃពាន Hun Sen Cup រដូវកាលថ្មីនេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់