បឹងកេត ត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសលីគជប៉ុនដើមខែក្រោយ

នូ មករា July 17, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសលីគជប៉ុន (Japan Football League) នៅដើមខែសីហាខាងមុខនេះ ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បន្ទាប់ពីសេចក្ដីជូនដំណឹងអំពីការលើកពេលប្រកួតចំនួនពីរ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ក្នុងនោះក៏មានក្រុមបឹងកេតអែហ្វស៊ីផងដែរ ។

សេចក្ដីជូនដំណឹងរបស់ CNCC បានបញ្ជាក់ថា គូពិសេស ២ប្រកួតក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៥ គឺក្រុមណាហ្គាវើល ជួបក្រុមភ្នំពេញក្រោន នៅថ្ងៃទី២១ ខែកក្កដា និងសប្ដាហ៍ទី១៨ ក្រុមបឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែសីហា សុទ្ធតែត្រូវបានលើកមកប្រកួតនៅថ្ងៃទី២៧ ខែកក្កដាខាងមុខដូចគ្នា ហើយធ្វើនៅលើទីលានតែមួយគត់ គឺកីឡដ្ឋានស្ដាតចាស់ ។

ចំពោះការលើកការប្រកួតរបស់ក្រុមណាហ្គាវើល ព្រោះពួកគេជាប់កម្មវិធីជាមួយក្រុមយុវជនខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ដោយឡែកក្រុមបឹងកេត ប៉ះក្រសួងការពារជាតិ ត្រូវលើកពេល ព្រោះក្រុមបឹងកេត ត្រូវប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសលីគជប៉ុន ។ ប៉ុន្ដែចំពោះកាលបរិច្ឆេទជាក់លាក់នៅថ្ងៃណា នៅមិនទាន់ប្រកាសនោះទេ តែបើយោងតាមការលើកពេលប្រកួតខាងលើ សបញ្ជាក់ឲ្យឃើញថា ជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមតំណាងកម្ពុជា-ជប៉ុននេះ នឹងធ្វើឡើងនាអំឡុងដើមសីហាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់