គ្រូភ្នំពេញក្រោន ទម្លាយរឿងមិននឹកស្មានមួយ មុនប៉ះ EDC ស្អែកនេះ

នូ មករា July 17, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមអគ្គិសនីកម្ពុជា(EDC) នាល្ងាចថ្ងៃទី១៨ ខែកក្កដាស្អែកនេះ នៅក្នុងជំនួបជើងទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup-ថ្នាក់ជាតិ រដូវកាលទី១២ វគ្គ ១៦ក្រុមចុងក្រោយ ។ ប៉ុន្ដែមុនឈានដល់ការប្រកួតដ៏សំខាន់នេះ គ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក Sean Sainsbury បានទម្លាយរឿងដ៏មិននឹកស្មានមួយ ពាក់ព័ន្ធនឹងក្រុម EDC ។
 
លោក Sean បានប្រាប់អ្នកសារព័ត៌មាន ក្រោយយកឈ្នះក្រុមអគ្គិសនីកម្ពុជា ២-១ កាលពីជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន ថា ក្រុមអគ្គិសនីកម្ពុជា គឺជាក្រុមល្អ ហើយកីឡាករម្នាក់ៗមានឆន្ទៈ និងលេងបានល្អក្នុងការប្រកួតនីមួយៗ ដែលទាក់ចិត្តលោក រហូតទិញសំបុត្រចូលរួមទស្សនាការប្រកួតរបស់ពួកគេទៀតផង ។ គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះ និយាយថា៖ «ខ្ញុំពិតជារីករាយ ចំពោះការលេងរបស់ពួកគេ ។ អ្នកដឹងទេថា ខ្ញុំទិញសំបុត្រដើម្បីចូលរួមទស្សនាការប្រកួតរបស់ពួកគេ ។ ពួកគេមិនមានកីឡាករបទេស ប៉ុន្ដែគេលេងល្អ» ។
 
ការទម្លាយព័ត៌មានដ៏មិននឹកស្មាន ក្នុងនាមជាគ្រូបង្វឹកក្លឹបសមាជិកលីគកំពូលកម្ពុជានេះ គឺស្របពេលភ្នំពេញក្រោន និងអគ្គិសនីកម្ពុជា ត្រូវជួបគ្នានៅជើងទី២ នៃពាន Hun Sen Cup-ថ្នាក់ជាតិវគ្គ ១៦ក្រុមចុងក្រោយស្អែកនេះ ។ យ៉ាងណាមិញលោក Sean នៅតែចាត់ទុកក្រុមអគ្គិសនីកម្ពុជា គឺជាឧបសគ្គក្នុងការស្វែងរកកៅអីវគ្គ ៨ក្រុមចុងក្រោយ ក្នុងពានប្រើប្រាស់ធនធានកីឡាករក្នុងស្រុកសុទ្ធមួយនេះ ទោះបីជើងទី១ ភ្នំពេញក្រោនបានយកឈ្នះក្រៅដី ២-១ ក៏ដោយ ។ ទន្ទឹមជាមួយគ្នា លោកក៏បានក្រើនរំឭកកូនក្រុមឲ្យមានការប្រុងប្រយ័ត្នជានិច្ច នៅក្នុងជំនួបជើងទី២ ដើម្បីឈានទៅវគ្គបន្ដផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់