កុំភ្លេច៖ ពាន Hun Sen Cup-ថ្នាក់ជាតិ ប្រកួតកាត់ក្ដីវគ្គ ១/៨ ស្អែកនេះ

នូ មករា July 17, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នឹងបញ្ចប់ការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយ(១/៨) នៃពានរង្វាន់ថ្នាក់ជាតិ នៅថ្ងៃទី១៨ ខែកក្កដាស្អែកនេះចំនួន ៧ប្រកួត ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដ លើកលែងតែក្រុមខេត្តកោះកុង ប៉ះយុវជនសាលាបាល់ទាត់ជាតិ U18បាទីប៉ុណ្ណោះ ដែលត្រូវបានលើកការប្រកួត ។
សម្រាប់កម្មវិធីប្រកួតជើងទី២ នៃពាន Hun Sen Cup-ថ្នាក់ជាតិស្អែកនេះ រួមមានក្រុមអង្គរថាយហ្គឺរ ប៉ះក្រុមសូលទីឡូអង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា, ក្រុមបឹងកេត ជួបក្រុមវេស្ទើនភ្នំពេញ នៅពហុកីឡដ្ឋានជាតិ, ក្រុមណាហ្គាវើល ត្រូវជួបក្រុមម្ចាស់ផ្ទះខេត្តកំពត, ក្រុមអាស៊ីអឺរ៉ុប បើកទ្វារកីឡដ្ឋាន AEU Sport Park ទទួលក្រុមក្រសួងការពារជាតិ, ក្រុមប៉ូលិស ជួបក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នៅខេត្តតាកែវ, វិសាខា ជួបក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្ដាតចាស់ និងភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមអគ្គិសនីកម្ពុជា ។ ចំណែកលទ្ធផលកាលពីជើងទី១ គឺមាន ២ប្រកួតបានបញ្ចប់ដោយស្មើគ្នា ២-២ គឺក្រុមសូលទីឡូអង្គរ ប៉ះក្រុមអង្គរថាយហ្គឺរ និងក្រុមប៉ូលិស ជួបក្រុមគិរីវង់ ។
រីឯ ៥ប្រកួតទៀត សុទ្ធតែបញ្ចប់ដោយឈ្នះ-ចាញ់ ដូចជាបឹងកេត និងណាហ្គាវើលឈ្នះគូប្រជែង ៥-១, ក្រសួងការពារជាតិឈ្នះ ៣-១, ភ្នំពេញក្រោនឈ្នះ ២-១ និងព្រះខ័នរាជស្វាយរៀងឈ្នះ ១-០ ។ ដូច្នេះក្រុមត្រូវឡើងវគ្គបន្ដ នឹងដឹងច្បាស់ស្អែកនេះ ខណៈក្រុមឈ្នះ ឬចាញ់កាលពីជើងទី១ សុទ្ធតែមានឱកាស បើសិនសរុបលទ្ធផលជួបគ្នា ២ជើងមានគ្រាប់បាល់ជ័យជម្នះច្រើនជាង ។ ដោយឡែកក្រុមខេត្តកោះកុង ប៉ះក្រុមយុវជនសាលាបាល់ទាត់ជាតិ U18បាទី សម្រាប់ជើងទី១ ត្រូវប្រកួតនៅថ្ងៃទី២២ ខែកក្កដាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានខេត្តកោះកុង មុនក្រុមសាលាបាល់ទាត់ជាតិបាទី បើកទ្វារផ្ទះទទួលក្រុមខេត្តកោះកុងវិញ នៅថ្ងៃទី២៨ ខែកក្កដា ដើម្បីកាត់សេចក្ដីរកក្រុមឡើងបង្គ្រប់វគ្គ ៨ក្រុមចុងក្រោយ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់