កម្ពុជា ចេញទៅហាត់នៅម៉ាឡេស៊ី ត្រៀមពាន AFF U16 នៅឥណ្ឌូនេស៊ីព្រឹកនេះ

នូ មករា July 17, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ នឹងចាកចេញពីមាតុភូមិ ដើម្បីធ្វើការបោះជំរុំហ្វឹកហាត់រយៈពេល ១សប្ដាហ៍នៅប្រទេសម៉ាឡេស៊ី ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហាខាងមុខ ។
 
យុទ្ធនាការនេះ គឺដឹកនាំដោយលោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ខណៈកីឡាករភាគច្រើន គឺជាយុវជនសាលាបាល់ទាត់ជាតិបាទី ប៉ុន្ដែមុនឈានដល់ការប្រកួតផ្លូវការ គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បានសម្រេចជ្រើសរើសប្រទេសម៉ាឡេស៊ី ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យបានល្អប្រសើរ ខណៈក្នុងពូលជាមួយក្រុមគោព្រៃជំទង់កម្ពុជា គឺពូលA សុទ្ធសឹងជាក្រុមខ្លាំងៗ រួមមានក្រុមការពារតំណែងជើងឯកវៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។
 
បើតាមការបញ្ជាក់របស់មន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា បន្ទាប់ពីហ្វឹកហាត់នៅម៉ាឡេស៊ី ១សប្ដាហ៍ ក្រុម U16កម្ពុជា នឹងធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីតែម្ដង ដើម្បីត្រៀមការប្រកួតបើកឆាក នាថ្ងៃទី២៩ ខែកក្កដា ខណៈកម្ពុជា ត្រូវប្រឈរមុខជាមួយក្រុមជើងឯក ៣ជំនាន់វៀតណាមមុនគេ មុនបន្ដជួបក្រុមហ្វីលីពីន នៅថ្ងៃទី៣១-កក្កដា, ជួបក្រុមទីម័រខាងកើត នៅថ្ងៃទី០២-សីហា, ជួបមីយ៉ាន់ម៉ា នៅថ្ងៃទី០៤ ខែសីហា និងចុងក្រោយជួបម្ចាស់ផ្ទះ U16ឥណ្ឌូនេស៊ី នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់