ក្រុមកំចាយមារ ហាលអាវ ក្រោយបរាជ័យ ២ប្រកួតផ្ទួនៗ ក្នុងពាន AFF Futsal Club

នូ មករា July 16, 2018


ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់ហ្វូតសាល សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ(ស.ស.យ.ក កំចាយមារ) បានជ្រុះចេញពីការប្រកួតពានរង្វាន់ហ្វូតសាលជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF Futsal Club Championship 2018 ហើយ ទោះបីសល់ ១ប្រកួតក្នុងដៃក៏ដោយ បន្ទាប់ពីត្រូវក្រុមខ្លាំងអូស្ដ្រាលី និងមីយ៉ាន់ម៉ា លត់យ៉ាងចាស់ដៃ ២ប្រកួតផ្ទួនៗក្នុងពូលA នៅប្រទេសឥណ្ឌូនេស៊ីកាលពីម្សិលមិញ និងព្រឹកថ្ងៃច័ន្ទនេះ ។
សម្រាប់ប្រកួតទី១ របស់ក្រុមស.ស.យ.ក កំចាយមារ ត្រូវបានក្រុម East Coast Heat របស់អូស្ដ្រាលី លត់ក្នុងលទ្ធផល ៨-០ កាលពីម្សិលមិញ បន្ទាប់មកបានបន្ដរបូត ៣ពិន្ទុក្រោមថ្វីជើងក្រុម MIC របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ៤-២ ដែលគ្រប់គ្រាន់ឲ្យក្រុមតំណាងកម្ពុជា គឺក្រុម ស.ស.យ.ក កំចាយមារ ហាលអាវ មិនអាចសម្រេចបំណងរបស់អនុប្រធានក្លឹបលោក សេង លីដា អះអាង និងមានជំនឿចិត្តខ្ពស់លើកូនក្រុមរបស់ខ្លួននោះឡើយ ។
ចំពោះលទ្ធផលពូលA បណ្ដោះអាស្ន គឺក្រុម MIC របស់មីយ៉ាន់ម៉ាឈរកំពូលតារាងមាន ៦ពិន្ទុកក់កៅអីវគ្គ ៤ក្រុមចុងក្រោយ ទោះបីប្រកួតបញ្ចប់ពូលA ចុងក្រោយប៉ះក្រុមខ្លាំងអូស្ដ្រាលី East Coast Heat នាថ្ងៃស្អែក បញ្ចប់ដោយលទ្ធផលបែបណាក៏ដោយ ។ រីឯក្រុម ស.ស.យ.ក កំចាយមារ ថ្ងៃស្អែកត្រូវប្រកួតបង្គ្រប់កិច្ចក្នុងពូល ដោយជួបក្រុមតំណាងប្រទេសប្រ៊ុយណេ Arbisyam ចាំមើលតើទាំងពីរ ក្រុមណាអាចស្គាល់ឈ្នះ មុនត្រឡប់មកផ្ទះវិញរៀងៗខ្លួន ព្រោះក្រុមប្រ៊ុយណេ ក៏មិនទាន់ស្គាល់ឈ្នះ ឬស្មើដែរ?
អត្ថបទ៖ បុត្រា

 

មតិយោបល់