លីគកំពូលកម្ពុជា៖ ក្រុម Top-4 បង្កើនគម្លាតពិន្ទុកាន់តែឆ្ងាយក្នុងតារាងពិន្ទុសប្ដាហ៍ទី១៤

នូ មករា July 16, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា បានបញ្ចប់ ១សប្ដាហ៍ទៀតហើយ គ្រាដែលក្រុមខ្លាំងៗ ៤ក្រុមកំពូលតារាង(Top-4) រួមមានបឹងកេត វិសាខា ណាហ្គាវើល និងក្រសួងការពារជាតិ បានបង្កើនគម្លាតកាន់តែដាច់ឆ្ងាយពីគូប្រជែង ដែលឈរលេខរៀងទី៥ រហូតដល់លេខរៀងទី១២ នៅក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ប្រចាំសប្ដាហ៍ទី១៤ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញកាលពីចុងសប្ដាហ៍កន្លងទៅ ។

សម្រាប់ក្រុមបឹងកេត នៅតែរក្សាកៅអីកំពូលតារាង និងមាន ៣៦ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ដោយលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍ ។ ការប្រកួតនេះ បានបញ្ចប់ដោយតានតឹងបំផុត បន្ទាប់ពីក្រុមប្ដូរយុទ្ធសាស្ដ្រលេងការពារច្រើនជាងកាលពីជើងទី១ ដែលបរាជ័យដល់ទៅ ៥-១ ។ គ្រាប់បាល់ជ័យជម្នះរបស់បឹងកេត គឺធ្វើសម្រេចដោយកីឡាករ ចាន់ វឌ្ឍនាកា ហើយក៏ជាគ្រាប់ទី១ របស់គេក្នុងលីគ ក្រោយត្រឡប់មកជួយបឹងកេតវិញផងដែរ ។

ចំពោះក្រុមវិសាខា ពួកគេបានយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៣-១ ដែលជាជ័យជម្នះស្ទើរមិនគួរឲ្យជឿ សម្រាប់ការប្រកួតលើទឹកដី RSN របស់ភ្នំពេញក្រោនកាលពីយប់មិញ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមចំណូលថ្មីនេះ រំកិលខ្លួនឡើងពីលេខ៣ ទៅឈរលេខ២ និងមាន ៣២ពិន្ទុស្មើក្រុមណាហ្គាវើល ដែលធ្លាក់មកឈរលេខ៣ បន្ទាប់ពីក្រុមណាហ្គាវើល យកបានត្រឹម ១ពិន្ទុពីក្រុមអង្គរថាយហ្គឺរ ក្រោយប្រកួត ៩០នាទីស្មើគ្នា ១-១ កាលពីល្ងាចមិញ នាំឲ្យក្រុមលោក មាស ចាន់ណា របូតកៅអីលេខ២ បណ្ដោះអាសន្ន ។

ចំណែកក្រុមក្រសួងការពារជាតិ បានបន្ដយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣-១ ខណៈកាលពីជើងទី១ ក្រសួងការពារជាតិ បានយកឈ្នះក្រៅដី ២-១ ។ ជ័យជម្នះនេះ បានជួយក្រុមលោក ភា សុភ័ក្ដ្រា ពង្រឹងកៅអីលេខ៤ និងមាន ៣០ពិន្ទុ ។ ប៉ុន្ដែបើគិតពិន្ទុបណ្ដោះអាសន្ន ជាមួយក្រុមភ្នំពេញក្រោន ដែលឈរលេខរៀងទី៥ ទើបមាន ២១ពិន្ទុក្នុងដៃ ក្រុមកំពូលតារាងបឹងកេតនាំមុខ ១៥ពិន្ទុ គ្រាដែលវិសាខា និងណាហ្គាវើល នាំមុខ ១១ពិន្ទុ និងក្រសួងការពារជាតិនាំមុខ ៩ពិន្ទុ ដែលជាពិន្ទុមួយដាច់ឆ្ងាយ ធ្វើឲ្យក្រុមដទៃពីបាកតាមក្រុមទាំងបួនណាស់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់