កង្វះបទពិសោធន៍ ធ្វើឲ្យកម្ពុជា មិនអាចសម្រេចគោលដៅឡើងវគ្គ ១/២ ពាន AFF U19

នូ មករា July 16, 2018


ភ្នំពេញ៖ លោក Musashi Mizushima គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា បានចាត់ទុកការធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល នៃរង្វាន់ពាន AFF U19 Championship 2018 លើទឹកដីឥណ្ឌូនេស៊ី គឺជាការបរាជ័យមិនអាចសម្រេចគោលដៅឡើងវគ្គ ៤ក្រុមចុងក្រោយបាន ហើយលោកថា ការមិនសម្រេចបំណង តាមការកំណត់នេះ ដោយសារកីឡាករខ្វះខាតបទពិសោធន៍ ។ ការលើកឡើងនេះ ធ្វើឡើងក្រោយក្រុម U19កម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ កាលពីយប់មិញ ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បាននិយាយថា កីឡាករកម្ពុជា ពេលលេងជាមួយក្រុមល្មម គឺធ្វើបានល្អ ប៉ុន្ដែពេលជួយក្រុមខ្លាំង ពួកគេហាក់បាត់បង់ស្មារតីជាក្រុម ធ្វើឲ្យការគ្រប់គ្រងបាល់មិនបានល្អ ជាហេតុនាំឲ្យគូបដិបក្ស មានឱកាសស្វែករកគ្រាប់បាល់ តួយ៉ាងដូចជាការជួបក្រុម U19ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាក្នុងពូលB នៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ានខាងលើ ។ លោកថា នេះគឺដោយសារការខ្វះខាតបទពិសោធន៍ ទើបធ្វើឲ្យការកំណត់គោលដៅឡើងវគ្គ ៤ក្រុមចុងក្រោយមិនសម្រេចដូច្នេះ ។

លោក Musashi បាននិយាយថា៖ «សម្រាប់ការមិនសម្រេចគោលដៅឈានទៅវគ្គបន្ទាប់ ដោយសារកីឡាករយើងខ្វះបទពិសោធន៍នៅឡើយ ។ ខ្ញុំគិតថា បើសិនកូនក្រុមមានទពិសោធន៍គ្រប់គ្រាន់ និងគ្រប់គ្រងការប្រកួតបានល្អ ពិសេសគឺអាចយកស្មើក្រុម U19មីយ៉ាន់ម៉ា គឺយើងនឹងបានឡើងទៅវគ្គបន្ដ ។ ប៉ុន្ដែដោយសារកីឡាកររបស់យើង មិនអាចគ្រប់គ្រង Game បានធ្វើឲ្យភ្លាត់ចាញ់មីយ៉ាន់ម៉ា និងមិនអាចសម្រេចបំណងរបស់យើងតែម្ដង» ។ យ៉ាងណាមិញលោកមិនបានបន្ទោសកូនក្រុមនោះទេ តែលោករំពឹងថា កូនក្រុមខ្លួននឹងទទួលបានបទពិសោធន៍ច្រើនពីព្រឹត្តិការណ៍នេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែរីកចម្រើន ។

គួរបញ្ជាក់ថា ពាន AFF U19 Championship 2018 ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនេះ គឺបានចាប់ផ្ដើមពីថ្ងៃទី០១-១៤ ខែកក្កដា ក្នុងនោះក្រុម U19កម្ពុជា ដែលស្ថិតក្នុងពូលB ដោយឆ្លងកាត់ ៤ប្រកួតឈ្នះ២(ឈ្នះប្រ៊ុយណេ ៥-០ និងឈ្នះទីម័រខាងកើត ២-១) និងចាញ់ ២ប្រកួត(ចាញ់ម៉ាឡេស៊ី ២-០ និងចាញ់មីយ៉ាន់ម៉ា ៤-១) ដែលនាំឲ្យកម្ពុជាបានត្រឹមលេខ៣ ក្នុងពូល ។ ចំណែកជើងឯក បានទៅក្រុម U19ម៉ាឡេស៊ី ក្រោយយកឈ្នះ មីយ៉ាន់ម៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៤-៣ ខណៈលេខ៣ បានទៅក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី បន្ទាប់ពីយកឈ្នះក្រុមថៃ ២-១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់