កែវ សុខផេង និយាយអ្វីខ្លះ មុនជួបក្លឹបចាស់ និងអ្នកគាំទ្រ ខណៈក្រោន ប៉ះវិសាខាស្អែកនេះ?

នូ មករា July 14, 2018


 ភ្នំពេញ៖ បន្ទាប់ពីជួយក្រុមវិសាខា ទទួលបានជ័យជម្នះដ៏ជោគជ័យ ២ប្រកួតផ្ទួនៗ ក្នុងការបង្ហាញវត្តមានផ្លូវការក្នុងជើងទី២ នៃលីគកំពូលកម្ពុជា កីឡាករ កែវ សុខផេង នឹងត្រូវធ្វើការងារកាន់តែធ្ងន់ ស្របពេលក្រុមវិសាខា ត្រូវជួបក្លឹបចាស់របស់ខ្លួន គឺក្រុមភ្នំពេញក្រោន នៅកីឡដ្ឋាន RSN នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ។ ប៉ុន្ដែមុនឈានដល់ការប្រកួតផ្លូវការ តើអតីតសមាជិកក្រុមភ្នំពេញក្រោនរូបនេះ បាននិយាយអ្វីខ្លះ ពេលជួយក្លឹបថ្មី ប៉ះក្លឹបចាស់បែបនេះ?
កែវ សុខផេង បាននិយាយស្ទើរមិនចេញថា៖ «ធម្មតាពេលយើងជួបក្លឹបចាស់ ដែលយើងធ្លាប់រួមរស់ជាមួយគ្នាច្រើនឆ្នាំអញ្ចឹង ខ្ញុំមានអារម្មណ៍ថា នឹកអតីតកាលច្រើន នៅក្លឹបភ្នំពេញក្រោន ប៉ុន្ដែពេលប្រកួត យើងត្រូវលេង ១០០% ដូចគ្នា សំខាន់យើងគោរពក្លឹបរៀងៗខ្លួន តែពេលយើងចេញពីការប្រកួត គឺយើងរាប់អានគ្នា ដូចបងប្អូនធម្មតា» ។ សង្កត់ធ្ងន់លើនេះ អតីតកីឡាករក្លឹប PKNP នៃលីគកំពូលម៉ាឡេស៊ីដដែលថា៖ «ខ្ញុំនៅតែគោរពភ្នំពេញក្រោន ព្រោះអីក្លឹបខ្ញុំធ្លាប់រួមរស់ជាមួយគ្នាច្រើនឆ្នាំ ពិសេសគឺនៅតែនឹករឭកប្រធានក្លឹបជានិច្ច» ។
បន្ថែមលើការបង្ហាញរំជើបរំជួលមុនជួបក្លឹបចាស់នេះដែរ កីឡាករជម្រើសជាតិកម្ពុជារូបនេះ ក៏បានអំពាវនាវដល់អ្នកគាំទ្រចូលរួមទស្សនា និងលើកទឹកចិត្តឲ្យបានច្រើនកុះករ ពិសេសគឺអ្នកគាំទ្រក្រុមទាំងពីរ និងក្រុមដទៃ ចូលរួមទស្សនាឲ្យបានគ្រប់ប្រកួតក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ដើម្បីរួមចំណែកជំរុញ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ។ សុខផេង បន្ដថា អ្នកគាំទ្រគឺជាកម្លាំងចិត្តដ៏សំខាន់ ដែលជំរុញឲ្យកីឡាករម្នាក់ៗមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការប្រកួត ហើយកីឡាករ ក៏ចង់ឃើញអ្នកគាំទ្រមកទស្សនាច្រើនៗគ្រប់ការប្រកួតផងដែរ ។
 
សូមបញ្ជាក់ថា ក្រោយចែកផ្លូវជាមួយក្លឹប PKNP កីឡាករ កែវ សុខផេង មិនបានត្រឡប់មកជួយក្រុមភ្នំពេញក្រោនវិញនោះទេ ដោយផ្ទេរបន្ដទៅលេងឲ្យក្រុមចំណូលថ្មីវិសាខា ដើម្បីលេងនៅជើងទី២ ហើយ សុខផេង ត្រូវបានដាក់ឲ្យលេង ២ប្រកួតជាប់គ្នា និងរកបានគ្រាប់បាល់គ្រប់ប្រកួតទៀតផង ពោលគឺឈ្នះអគ្គិសនីកម្ពុជា ៤-០ គេរកបាន ១គ្រាប់ និងឈ្នះអង្គរថាយហ្គឺរ ៤-១ គេរកបាន ២គ្រាប់ ។ ប៉ុន្ដែអ្វីដែលរឹតែគួរឲ្យចាប់អារម្មណ៍ សម្រាប់ការជួបជាមួយភ្នំពេញក្រោន សុខផេង បានសង្កត់ធ្ងន់ថា៖ «ប៉ះភ្នំពេញក្រោន ប្រសិនបើខ្ញុំទាត់ចូល ខ្ញុំមិនអបអរគ្រាប់បាល់នោះឡើយ ព្រោះធ្លាប់នៅជាមួយគ្នាច្រើនឆ្នាំ»
៕ អត្ថបទ៖ បុត្រា

មតិយោបល់