កំចាយមារ មានទំនុកចិត្តខ្លាំងក្នុងបេសកកម្មប្រកួតពាន AFF Futsal Club លើកដំបូង

នូ មករា July 13, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ហ្វូតសាល សហភាពសហព័ន្ធយុវជនកកម្ពុជា ស្រុកកំចាយមារ (ស.ស.យ.ក-កំចាយមារ) បានចេញទៅដំណើរទៅឥណ្ឌូនេស៊ីហើយ នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF Futsal Club Championship 2018 ដែលជាបេសកកម្មប្រកួតលើឆាកអន្ដរជាតិលើកដំបូងរបស់ខ្លួន ។ ប៉ុន្ដែថ្នាក់ដឹកនាំក្លឹប ហាក់មានទំនុកចិត្តខ្ពស់ ទោះបីក្រុមខ្លួន ពុំធ្លាប់មានបទពិសោធន៍ចូលរួមប្រកួតពានហ្វូតសាលប្រចាំតំបន់អាស៊ាននេះក៏ដោយ ។
  
លោក សេង លីដា អនុប្រធានក្លឹប ស.ស.យ.ក-កំចាយមារ បានថ្លែងប្រាប់អ្នកសារព័ត៌មាន មុនឡើងយន្ដហោះ នាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថា ក្រុមលោកបានត្រៀមខ្លួនជាស្រេច ដើម្បីបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតពានរង្វាន់ AFF Futsal Club Championship 2018 បន្ទាប់ពីកីឡាករម្នាក់ៗ បានព្យាយាមហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនខែកន្លងមក ។ បន្ថែមលើនេះ លោកបានជំរុញកូនក្រុម ត្រូវប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមកិត្តិយសជូនជាតិឲ្យខានតែបាន ។
អនុប្រធានក្លឹបដដែលបញ្ជាក់ថា៖ «ជុំវិញការប្រកួតនេះ កីឡាកររបស់យើង បានព្យាយាមហ្វឹកហាត់ តាមបច្ចេកទេសត្រឹមត្រូវ ហើយពួកគេបានប្ដេជ្ញាចិត្ត នឹងព្យាយាមធ្វើឲ្យបានល្អ ទោះបីគូប្រកួតរបស់យើង មានសមត្ថភាពយ៉ាងណា ក៏យើងអត់ខ្វល់ សំខាន់យើងត្រូវប្រឹងឲ្យអស់ពីសមត្ថភាព…។ នេះគឺជាលើកទី១ ដែលយើងបានចូលរួមប្រកួតពានអន្ដរជាតិ ប៉ុន្ដែពួកយើងមានទំនុកចិត្តខ្លាំង ទោះបីយើងអត់បានដឹងពីកម្រិតសមត្ថភាពរបស់ដៃគូប្រកួតពីមុនមក តែខ្លួនយើង យើងមានទំនុកចិត្តលើខ្លួនយើង» ។
គួរបញ្ជាក់ថា បេសកកម្មលើកដំបូង ដែលក្រុមសសយក.កំចាយមារ ចូលរួមប្រកួតក្នុងពានរង្វាន់ AFF Futsal Club Championship 2018 នៅប្រទេសឥណ្ឌូនេស៊ីនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកក្កដាខាងមុខ នៅទីក្រុង Jakarta ដោយក្រុមតំណាងកម្ពុជានេះ ស្ថិតក្នុងពូលA ជាមួយក្រុម East Coast Heat FC របស់អូស្រ្ដាលី, ក្រុម MIC របស់មីយ៉ាន់ម៉ា និងក្រុម Arbisyam FC ប្រ៊ុយណេ ។ រីឯពូលB មាន ៤ក្រុមដូចគ្នា រួមមានក្រុម Bangkok BTS របស់ថៃ, ក្រុម Sanna Khanh Hoa របស់វៀតណាម, ក្រុម Melaka United របស់ម៉ាឡេស៊ី និងក្រុមរបស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់