ឃួន ឡាបូរ៉ាវី អាចត្រឡប់មកជួយបឹងកេតវិញ បើសិនមិនសម្រេចគោលដៅមួយនេះ នៅថៃ

នូ មករា July 13, 2018


ភ្នំពេញ៖ កីឡាករ ឃួន ឡាបូរ៉ាវី បានសម្រេចចិត្តទៅលេងឲ្យក្លឹប Surat Thani នៃលីគទី៣ របស់ថៃ នៅជើងទី២ ដើម្បីសាកល្បង និងចង់ស្គាល់បទពិសោធន៍ថ្មីក្នុងអាជីពក្រៅស្រុក ។ ប៉ុន្ដែក្រោយបានទៅលេងនៅទីនោះមួយរយៈ អតីតសមាជិកក្រុមបឹងកេតអែហ្វស៊ីរូបនេះ យល់ឃើញថា លីគទី៣ ថៃ មិនលើលីគកំពូលកម្ពុជាឡើយ ដូច្នេះខ្លួនអាចនឹងប្រឹងប្រែងបន្ថែម ដើម្បីមានឱកាសឡើងទៅលេងលីគទី២ បើសិនមានក្លឹបថៃទាក់ទង តែបើមិនអាចសម្រេចគោលដៅនេះ ឡាបូរ៉ាវី នឹងត្រឡប់មកជួយក្លឹបចាស់ខ្លួនវិញ ។ ការបង្ហើបព័ត៌មានគួរឲ្យចាប់អារម្មណ៍នេះ ធ្វើឡើងបន្ទាប់ពី ឃួន ឡាបូរ៉ាវី រកបានគ្រាប់បាល់ផ្លូវការដំបូងឲ្យក្រុម Surat Thani កាលពីដើមសប្ដាហ៍កន្លងទៅ ។
  
កីឡាករដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះ បាននិយាយថា៖ «ចិត្តឥលូវហ្នឹង បើខ្ញុំអាចលេងនៅថៃទៀត ក៏ខ្ញុំអត់ចង់លេងលីគទី៣ ដែរ ខ្ញុំនឹងព្យាយាមបង្កើនខ្លួនឯង ឲ្យបានឡើងទៅលេងលីគទី២ ហើយប្រសិនជាមានក្រុមសមាជិកលីគទី២ ទាក់ទង អាហ្នឹងបានខ្ញុំពិចារណាលេងនៅថៃទៀត ប៉ុន្ដែបើថា លីគទី៣ ប្រហែលជាអត់អាចទេ ខ្ញុំសុខចិត្តត្រឡប់ទៅលេងនៅក្រុមបឹងកេតវិញ» ។
 
អតីតប្រធានក្រុមជម្រើសជាតិកម្ពុជា បានបន្ដថា៖ «ការមកលេងនៅទីនេះ(ថៃ) កីឡាករក្នុងស្រុករបស់គេ នៅលីគទី៣ ហ្នឹង បើប្រៀបទៅនឹងលីគកំពូលខ្មែរយើង វានៅមានគុណភាពទាបជាងបន្ដិច ហើយចង្វាក់លេងក៏រាងយឺតបន្ដិចដែរ តែចង្វាក់ការពាររបស់ក្រុមនីមួយៗ គេលេងមានលក្ខណៈប្រជែងខ្លាំង គឺអត់សូវយើងមានតំបន់ទំនេរ ដើម្បីគ្រប់គ្រងបាល់ទេ ។ និយាយទៅការប៉ះទង្គិចខ្ពស់ ។ ប៉ុន្ដែបញ្ហាខ្ញុំមកលេងនៅទីនេះ គឺបញ្ហាភាសា ដោយសារកីឡាករសឹងតែ ៩០% គាត់អត់ចេះភាសាអង់គ្លេសទេ» ។
សូមបញ្ជាក់ថា ឃួន ឡាបូរ៉ាវី បានព្រមព្រៀងលេងឲ្យក្លឹប Surat Thani កាលពីចុងខែឧសភា ដើម្បីជួយក្រុមក្នុបខណ្ឌលីគទី៣ នេះរហូតដល់ចប់ជើងទី៣ ។ ដោយទទួលបានការជឿជាក់ពីគ្រូបង្វឹក ឃួន ឡាបូរ៉ាវី ត្រូវបានដាក់ឲ្យលេងក្នុងជម្រើស ១១នាក់ដំបូង ស្ទើរគ្រប់ការប្រកួត ។ តែទោះជាបែបនេះក្ដី អតីតកីឡាករក្រុមព្រះខ័នរាជស្វាយរៀង នៅតែចង់ត្រឡប់មកលេងនៅកម្ពុជាវិញ ដោយសារខ្លួនយល់ថា លីគទី៣ របស់ថៃ មានកម្រិតទាបជាងលីគកំពូលកម្ពុជានៅឡើយ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់