World Cup៖ ក្រុម Idol អ្នកចាំទីក្រោន ប៉ះក្រុមគ្រូវិសាខា វគ្គផ្ដាច់ព្រ័ត្រ តើក្រុមណាលើកពាន?

នូ មករា July 12, 2018


ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គជម្រុះ ៣២ក្រុមចុងក្រោយ រហូតរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 គឺក្រុមជម្រើសជាតិបារាំង និងក្រូអាត ឃើញថា មានតែអ្នកចាំទីរបស់ក្លឹបភ្នំពេញក្រោនកីឡាករ Alexandre You និងគ្រូបង្វឹកក្រុមវិសាខាលោក ហុក សុជីវ័ន ប៉ុណ្ណោះ ដែលទស្សន៍ទាយជិតត្រូវ ១០០% សម្រាប់ក្រុមលើកពាន ៤ឆ្នាំម្ដងនេះ ខណៈក្រុម Idol របស់កីឡាករ និងគ្រូបង្វឹកមួយចំនួន ដែលបានទស្សន៍ទាយតាំងពីមុនចាប់ផ្ដើមការប្រកួត ខ្លះបានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល, វគ្គ ១៦ក្រុម, វគ្គ ៨ក្រុម និងខ្លះបានឡើងត្រឹមវគ្គ ៤ក្រុមជាដើម ។
 
អ្នកចាំទីកូនកាត់ខ្មែរ-បារាំង Alexandre You និងលោក ហុក សុជីវ័ន សុទ្ធតែមានជម្រើស ២ ដូចគ្នា សម្រាប់ការទស្សន៍ទាយ មុនការប្រកួតវគ្គ ៣២ក្រុមចាប់ផ្ដើម ដោយក្រុមជម្រើសជាតិប្រេស៊ីល សុទ្ធតែត្រូវបានអ្នកទាំងពីរជ្រើសរើសដូចគ្នា ខណៈជម្រើសទី២ របស់ Alexandre You គឺក្រុមជម្រើសជាតិក្រូអាត ចំណែកលោក ហុក សុជីវ័ន បានជ្រើសយកក្រុមមាន់គកបារាំង ហើយទីបំផុតប្រេស៊ីលបានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ គ្រាដែលបារាំង និងក្រូអាត ត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី១៥ ខែកក្កដាខាងមុខ ។ ចាំមើលតើក្រុម Idol របស់អ្នកចាំទីភ្នំពេញក្រោន ឬក្រុម Idol របស់គ្រូបង្វឹកវិសាខា នឹងក្លាយជាជើងឯក FIFA World Cup 2018 ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនេះ?
ចំពោះក្រុមមាន់គក់បារាំង គឺជាឈរលេខ១ ក្នុងពូលC ក្រោយប្រកួតឈ្នះ២ និងស្មើ១។ បន្ទាប់មកបានទម្លាក់ក្រុមអាហ្សង់ទីន នៅវគ្គ ១៦ក្រុម ដោយលទ្ធផល ៤-៣ និងបន្ដទម្លាក់ក្រុមអ៊ុយរ៉ាហ្គាយ ២ ក្នុងវគ្គ ៨ក្រុមដោយលទ្ធផល ២-០ មុនយកឈ្នះក្រុមប៊ែលហ្ស៊ិក ១-០ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ។ រីឯក្រូអាត គឺជាក្រុមលេខ១ ពូលD ក្រោយឈ្នះ ៣ប្រកួតផ្ទួនៗក្នុងពូល មុនទម្លាក់ក្រុមដាណឺម៉ាក នៅវគ្គ ១៦ក្រុមជាមួយនឹងបាល់ប៉េណាល់ទីកាត់សេចក្ដី ៣-២ ក្រោយប្រកួត ១២០នាទីស្មើគ្នា ១-១ ។ បន្ទាប់មកបានទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ក្នុងវគ្គ ៨ក្រុមជាមួយនឹងបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ ក្រោយប្រកួត ១២០នាទីស្មើគ្នា ២-២ និងបន្ដយកឈ្នះក្រុមតោកំណាចអង់គ្លេស ក្នុងវគ្គ ៤ក្រុមយប់មិញ ដោយលទ្ធផល ២-១ ដើម្បីឡើងទៅជួបបារាំង នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង ៕ អត្ថបទ៖ បុត្រា

 

មតិយោបល់