គ្រូវិសាខា មិនសូវបារម្ភឡើយ ប៉ះក្រុមការពារជើងឯកពាន Hun Sen Cup ល្ងាចនេះ!

នូ មករា July 11, 2018


ភ្នំពេញ៖ ក្រៅពីជំនួបរវាងក្រុមភ្នំពេញក្រោន ប៉ះក្រុមអគ្គិសនីកម្ពុជា ត្រូវបានអ្នកគាំទ្រចាត់ទុកជាគូពិសេស ក្រុមចំណូលថ្មីវិសាខា ត្រូវជួបក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ក៏ជាគូមិនអាចមើលរំលងបានដែរ ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ជាតិ រដូវកាលទី១២ វគ្គ ១៦ក្រុមចុងក្រោយ នាល្ងាចថ្ងៃទី១១ ខែកក្កដានេះ ស្របពេលលោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា ហាក់មិនសូវព្រួយបារម្ភឡើយ ទោះបីគូប្រជែងរបស់ខ្លួន គឺជាក្រុមជើងឯក ៤សម័យកាលក៏ដោយ ។
 
លោក ហុក សុជីវ័ន បានឲ្យដឹងថា លោកទទួលស្គាល់ក្រុមខ្លួន គឺជាក្រុមថ្មី ប៉ុន្ដែមានកីឡាករល្អៗគ្រាន់បើ និងមានបទពិសោធន៍ មិនចាញ់កីឡាករក្រុមដទៃប៉ុន្មានទេ ។ ប៉ុន្ដែពាក់ព័ន្ធនឹងការប្រកួតរបស់ក្លឹប គឺថ្មី ព្រោះក្លឹបទើបបង្កើត ហើយមានកីឡាករមកពីស្ទើរគ្រប់ក្លឹប នៃលីគកំពូលកម្ពុជា ដែលធ្វើឲ្យពួកគេមិនសូវបានលេងជាមួយគ្នាច្រើន ពោលនេះគឺជាលើកទី១ ដែលកូនក្រុមរបស់ខ្លួនមានឱកាសលេងជាមួយគ្នា ក្នុងពានប្រើប្រាស់ធនធានកីឡាករក្នុងស្រុកដូចគ្នា ។ ប៉ុន្ដែយ៉ាងណាលោកមិនបារម្ភនោះទេ ហើយក៏សង្ឃឹមថា កូនក្រុមនឹងធ្វើបានល្អផងដែរ ។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ U19កម្ពុជារូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា កីឡាករខ្មែរៗរបស់យើង នឹងធ្វើបានល្អ សម្រាប់ការប្រកួតជាមួយស្វាយរៀង ។ យើងទទួលស្គាល់ស្វាយរៀង គាត់ជាក្រុមមួយមានកីឡាករយុវជនល្អៗច្រើន មានបទពិសោធន៍ និងមានកីឡាករជម្រើសជាតិច្រើន ពិសេសក៏ជាក្រុមការពារតំណែងជើងឯក ប៉ុន្ដែយើងមិនបារម្ភច្រើនទេ ព្រោះអ្វីដែលយើងមានប៉ុណ្ណា យើងលេងប៉ុណ្ណឹង យើងនឹងព្យាយាមធ្វើអ្វីមួយឲ្យល្អ សម្រាប់ការប្រកួតរបស់ពួកគេយើង» ។ ប៉ុន្ដែយ៉ាងណាលោកក៏មិនទាន់គិតហួសពីវគ្គជម្រុះ ១៦ក្រុមចុងក្រោយឡើយ ដោយប្រកួតវគ្គណា លោកផ្ដោតសំខាន់លើវគ្គនោះសិន ។
 
គួរបញ្ជាក់ថា បើប្រៀបធៀបបទពិសោធន៍ប្រកួតពានរង្វាន់ Hun Sen Cup រវាងក្រុមព្រះខ័នរាជស្វាយរៀង និងវិសាខា គឺផ្ទុយគ្នាស្រលះ ប៉ុន្ដែបើក្រឡេកទៅមើលធនធានកីឡាករក្នុងស្រុកបច្ចុប្បន្នរបស់ក្រុមទាំងពីរ មិនចាញ់គ្នាឡើយ ។ ព្រះខ័នរាជស្វាយរៀង បានចូលរួមប្រកួតពាននេះតាំងពីឆ្នាំ២០០៨ ហើយលទ្ធផលកន្លងមក គឺធ្លាប់ឈ្នះជើងឯក ៤លើក(ឆ្នាំ២០១១,២០១២,២០១៣ និងឆ្នាំ២០១៧), ជើងឯករង ២លើកឆ្នាំ២០០៨ និងឆ្នាំ២០១៦ និងលេខ៣ ចំនួន ២លើកកាលពីឆ្នាំ២០០៩ និងឆ្នាំ២០១០ ។ រីឯវិសាខា នេះគឺជាលើកដំបូងហើយដែលពួកគេបានចូលរួមប្រកួតពានដាក់ឈ្មោះរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់