វិបត្តិកីឡាករ គឺជាកង្វល់របស់គ្រូអាស៊ីអឺរ៉ុប ប៉ះការពារជាតិថ្ងៃនេះ

នូ មករា July 11, 2018


ភ្នំពេញ៖ ដោយសារផ្ដោតខ្លាំងលើការប្រកួតលីគកំពូលកម្ពុជា បានធ្វើឲ្យក្រុមអាស៊ីអឺរ៉ុប មានបញ្ហាប្រឈមពីរ សម្រាប់ការត្រៀមប្រកួតពានសម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup)-ថ្នាក់ជាតិ វគ្គ ១៦ក្រុមចុងក្រោយ ដែលត្រូវប្រកួតជើងទី១ ជាមួយអតីតក្រុមជើងឯក ២ជំនាន់ក្រសួងការពារជាតិ នៅកីឡដ្ឋានស្ដាតចាស់ល្ងាចនេះ ទី១ គឺវិបត្តិកីឡាករ និងទី២ គឺបញ្ហាប្រមូលផ្ដុំកីឡាករខ្មែរ ដែលធ្វើឲ្យគ្រូបង្វឹកលោក សុក វាសនា មានកង្វល់មួយចំនួន។ ប៉ុន្ដែយ៉ាងណា លោកនៅតែជឿជាក់លើកូនក្រុមខ្លួន នឹងធ្វើបានល្អ ដើម្បីស្វែងរកកៅអីវគ្គបន្ដ ។
លោក សុក វាសនា បានថ្លែងថា៖ «ពានសម្ដេចតេជោ យើងនៅតែមានសង្ឃឹម គ្រាន់តែក្រុមយើងខ្វះខាតនូវកីឡាករខ្មែរមួយចំនួន គឺយើងជាប់របួសច្រើន ចឹងវាធ្វើឲ្យមានបញ្ហាខ្លះ ។ តែសម្រាប់កីឡាករខ្មែរ និងកីឡាករខ្មែរ យើងមិនបារម្ភពេកទេ ព្រោះគុណភាពមិនលើសគ្នាប៉ុន្មានតែ សំខាន់គុណភាពកីឡាករមួយចំនួន យើងមានប្រហាក់ប្រហែលទ័ពដែរ ។ តែភាគច្រើនយើងប្រើកីឡាករក្មេងៗ ចឹងវាធ្វើឲ្យមានផលលំបាកខ្លះដែរ ព្រោះកីឡាករក្មេងៗ មិនសូវមានបទពិសោធន៍ ខុសពីកីឡាករទ័ព ភាគច្រើន គឺមានបទពិសោធន៍ ចឹងគេរាងមានប្រៀបជាងយើង ណាមួយយើងលេងក្នុងដីរបស់គេទៀត» ។

អតីតគ្រូបង្វឹកក្រុមយុវជនព្រះខ័នរាជស្វាយរៀងរូបនេះ បានបញ្ជាក់ថា ការផ្ដោតលើលីគខ្លាំងពេក បានធ្វើឲ្យអាស៊ីអឺរ៉ុប មានរយៈពេលខ្លី សម្រាប់ប្រមូលផ្ដុំកីឡាករក្នុងស្រុក ត្រៀមប្រកួតពានរង្វានសម្ដេចតេជោ ហ៊ុន សែន ជើងទី១ ជាមួយក្រុមក្រសួងការពារជាតិ នាល្ងាចថ្ងៃទី១១ ខែកក្កដានេះ ។ ប៉ុន្ដែលោកបានប្ដេជ្ញាចិត្ត នឹងជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ដើម្បីងាយស្រួលក្នុងការប្រកួតជើងទី២ នៅលើទឹកដីរបស់ខ្លួន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់