កម្ពុជា យកឈ្នះ ទីម័រ ២-១ ក្នុងប្រកួតបង្គ្រប់កិច្ច AFF U19

នូ មករា July 10, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា ធ្វើបានយ៉ាងល្អ សម្រាប់ប្រកួតបង្គ្រប់កិច្ចពានរង្វាន់ AFF U19 Championship 2018 ដោយបានយកឈ្នះក្រុមទីម័រខាងកើត ដោយលទ្ធផល ២-១ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពូលB  ប៉ុន្ដែគួរឲ្យស្ដាយជ័យជម្នះនេះ មិនអាចបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ។ ការប្រកួតចុងក្រោយនេះ ក្រុមគោព្រៃជំទង់កម្ពុជា បានសហការគ្នាយ៉ាងល្អ ដើម្បីផ្តួលក្រុមទីម័រខាងកើត ។ គ្រាប់បាល់ជ័យជម្នះរបស់កម្ពុជា គឺធ្វើសម្រេចដោយកីឡាករ ណុប ដេវីត នៅនាទី៣២ និងកីឡាករ ឃាង ម៉េងហ៊ួរ នៅនាទី៨០ ។

 

សរុបជារួមកម្ពុជាបានត្រឹមលេខ៣ ក្នុងពូល ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ២ និងចាញ់២ មាន ៦ពិន្ទុ ខណៈក្រុម U19ទីម័រខាងកើត បានត្រឹមលេខ៤ មាន ៥ពិន្ទុជាមួយលទ្ធផល ៤ប្រកួតឈ្នះ១ ស្មើ២ និងចាញ់ ១ ។ ដោយឡែកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពូលB គឺក្រុម U19មីយ៉ាន់ម៉ា និងក្រុមយុវជនម៉ាឡេស៊ី ដែលទើបបញ្ចប់ការប្រកួតចុងក្រោយដំណាលគ្នា ហើយជ័យជម្នះបានទៅក្រុម U19ម៉ាឡេស៊ី ដោយលទ្ធផល ១-០ ។ ដូច្នេះម៉ាឡេស៊ីមាន ១០ពិន្ទុឈរលេខ១ ពូលB ត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីមាន ១២ពិន្ទុឈរលេខ២ ពូលA ខណៈក្រុមមីយ៉ាន់ម៉ាមាន ៧ពិន្ទុឈរលេខ២ ពូលB ត្រូវជួបក្រុមខ្លាំងថៃមាន ១៣ពិន្ទុឈរលេខ១ ពូលA ខណៈការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដាខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់