គ្រូភ្នំពេញក្រោនថា ប៉ះ EDC គឺជាជំនួបតានតឹង ទោះបីក្រុមខ្លួន មានកីឡាករល្អៗច្រើនក្ដី!

នូ មករា July 10, 2018


ភ្នំពេញ៖ លោក Sean Sainsbury គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានចាត់ទុកការជួបក្រុមអគ្គិសនីកម្ពុជា(EDC) នៅក្នុងជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup)-ថ្នាក់ជាតិ វគ្គ ១៦ក្រុមចុងក្រោយ នៅកីឡដ្ឋានអគ្គិសនីកម្ពុជាស្អែកនេះ គឺជាជំនួបដ៏តានតឹង ទោះបីភ្នំពេញក្រោន សម្បូរដោយកីឡាករយុវជន និងមានសមត្ថភាពក៏ដោយ ។ ប៉ុន្ដែលោកអះអាងថា បានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតដ៏សំខាន់នេះ ។
 
គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះ បាននិយាយថា៖ «វាមិនមែនជាការស្រួលនោះទេ ក្រុមរបស់ពួកគេល្អ ព្រោះពួកគេធ្លាប់ដោយគ្មានកីឡាករបរទេស ។ ឯពួកយើងមានកីឡាករល្អៗ យើងមានជំនឿចិត្ត ប៉ុន្ដែយើងក៏ដឹងដែរថា វាគឺជាការលំបាកសម្រាប់យើង ។ ជាការពិតអគ្គិសនីកម្ពុជា មានកីឡាករល្អៗ ហើយក៏លេងបានល្អដែរ ។ អ្នកដឹងទេថា ពេលក្រុមមួយលេងបានល្អនោះ វាគឺជាពេល ដែលយើងរង់ចាំក្នុងការលេងជាមួយពួកគេ» ។
ការលើកឡើងបែបនេះ គឺបន្ទាប់ពីលោកមើលឃើញទម្រង់លេងរបស់ក្រុមអគ្គិសនីកម្ពុជា ដែលគ្មានកីឡាករបរទេស អាចលេងស្មើក្រុមភ្នំពេញក្រោន ក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជាកាលពីពេលថ្មីៗ ។ ហេតុនេះហើយ ទើបលោកអះអាងថា ការជួបក្រុមលេខ៣ ឆ្នាំចាស់នេះ មិនមែនជារឿងងាយស្រួល ហើយលោកក៏បានជំរុញឲ្យកូនក្រុមបង្កើនទំនុកចិត្តប្រកួតលើទីលានកាន់តែខ្លាំង ដើម្បីស្វែងរកគ្រាប់បាល់ និងជ័យជម្នះ ។
សូមរំឭកថា ថ្ងៃទី១១ ខែកក្កដាស្អែកនេះ គឺជាការប្រកួតជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ដោយមាន ៧ប្រកួត បន្ទាប់ជំនួបរវាងក្រុមខេត្តកោះកុង និងសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ ត្រូវលើកការប្រកួតជើងទី១ ទៅធ្វើនៅថ្ងៃទី២២ ខែកក្កដា និងជើងទី២ ធ្វើនៅថ្ងៃទី២៨ ខែកក្កដាវិញ ។ ដោយឡែកការប្រកួតជើងទី២ សម្រាប់ ៧ប្រកួតស្អែកនេះ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដាសប្ដាហ៍ក្រោយ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ដ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់