Hun Sen Cup៖ U18 បាទី ប៉ះខេត្តកោះកុង ត្រូវលើកពេលប្រកួត ព្រោះមូលហេតុ ២យ៉ាង!

នូ មករា July 10, 2018


ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានឲ្យដឹងថា ការជួបគ្នារវាងក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ(U18) និងក្រុមម្ចាស់ផ្ទះខេត្តកោះកុង នៅក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup)-ថ្នាក់ជាតិ វគ្គ ១៦ក្រុមចុងក្រោយ ដែលគ្រោងនឹងធ្វើការប្រកួតជើងទី១ នាថ្ងៃទី១១ ខែកក្កដាស្អែកនេះ ត្រូវបានលើកការប្រកួតហើយ ដោយសារមូលហេតុ ២យ៉ាង ដើម្បីសម្រួលដល់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ។
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិរបស់ CNCC បានបញ្ជាក់ថា ការសម្រេចលើកការប្រកួតខាងលើ គឺដោយសារថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចង់សម្រួលដល់ក្រុម U18បាទី ដែលភាគច្រើន កំពុងជាប់បេសកកម្មជាមួយក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា ក្នុងការប្រកួតពានរង្វាន់ AFF U19 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ហើយត្រៀមប្រឡងឆមាស ចាប់ពីថ្នាក់ទី១០ រហូតដល់ថ្នាក់ទី១២ ក្រោយពួកគេត្រឡប់ពីប្រទេសឥណ្ឌូនេស៊ីវិញ ។ យ៉ាងណាមិញ ភាគីទាំងពីរ ទាំងក្រុម U18 បាទី និងក្រុមជម្រើសខេត្តកោះកុង សុទ្ធតែបានឯកភាពក្នុងការសម្រេចលើកការប្រកួតខាងលើ ខណៈគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានសម្រេចឲ្យក្រុមទាំងពីរ ធ្វើការប្រកួតជើងទី១ នៅថ្ងៃទី២២ ខែកក្កដា លើទឹកដីកីឡដ្ឋានខេត្តកោះកុង និងជើងទី២ ប្រកួតនៅថ្ងៃទី២៨ ខែកក្កដា នៅទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ។ នេះបតាមការបញ្ជាក់របស់លោក ឆាំង ពិសិដ្ឋ ។
ដោយឡែកសម្រាប់កម្មវិធីប្រកួតជើងទី១ និងជើងទី២ នៃពាន Hun Sen Cup-ថ្នាក់ជាតិ វគ្គ ១៦ក្រុមចុងក្រោយចំនួន ៧ប្រកួតផ្សេងទៀត គឺរក្សានៅដដែល ដោយជើងទី១ ប្រកួតនៅថ្ងៃទី១១ ខែកក្កដា ខណៈជើងទី២ ប្រកួតនៅថ្ងៃទី១៨ ខែកក្កដា ហើយកម្មវិធីប្រកួតស្អែកនេះ រួមមានក្រុមសូលទីឡូអង្គរ ជួបក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តសៀមរាប, វេស្ទើន បើកទ្វារផ្ទះទទួលក្រុមបឹងកេត, ព្រះខ័នរាជស្វាយរៀង ជួបក្រុមឡើងជើងវិសាខា, អគ្គិសនីកម្ពុជា ជួបភ្នំពេញក្រោន លើទឹកដីខ្លួន, ណាហ្គាវើល ប៉ះខេត្តកំពត និងក្រសួងការពារជាតិ ជួបអាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមប៉ូលិស ជួបក្រុមគិរីវង់ នៅពហុកីឡដ្ឋានជាតិ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់