Hun Sen Cup៖ គ្រូ EDC ថា អាចឡើងហួសវគ្គ ១/២ បើសិនឈ្នះភ្នំពេញក្រោន

នូ មករា July 10, 2018


ភ្នំពេញ៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់អគ្គិសនីកម្ពុជា(EDC) ហាក់មានជំនឿចិត្តជាខ្លាំង សម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ជាតិ រដូវកាលទី១២ ឆ្នាំ២០១៨ រហូតមានក្ដីរំពឹង អាចឡើងហួសវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតផង ប្រសិនបើកូនក្រុមខ្លួនធ្វើបានល្អ និងអាចទម្លាក់ក្រុមជើងខ្លាំងភ្នំពេញក្រោន នៅក្នុងជំនួបវគ្គជម្រុះ ១៦ក្រុមចុងក្រោយ ។ ការលើកឡើងបែបនេះ ស្របពេលក្រុម EDC ត្រូវបើកទ្វារកីឡដ្ឋានអគ្គិសនីកម្ពុជា ទទួលក្រុមភ្នំពេញក្រោន ក្នុងជំនួបជើងទី១ ស្អែកនេះ ។
អតីតគ្រូបង្វឹកក្រុមបឹងកេតអែហ្វស៊ីរូបនេះ បញ្ជាក់ថា រវាងលីគកំពូលកម្ពុជា និងពាន Hun Sen Cup លោកបានបែងចែកជា ២ព្រឹត្តិការណ៍ដាច់ពីគ្នា ។ សម្រាប់លីគ ក្រុមខ្លួនមានឧបសគ្គប្រជែង ព្រោះវិបត្តិកីឡាករ ដោយសារអគ្គិសនីកម្ពុជា គ្មានកីឡាករបរទេស ហើយអ្នកខ្លះមានអាយុច្រើន ត្រូវចូលនិវត្តន៍ ដូចជា ជិន ជុំ ជាដើម ។ ប៉ុន្ដែពានសម្ដេចតេជោ ហ៊ុន សែន គឺផ្ទុយគ្នា លោកជឿជាក់ខ្លាំង ព្រោះជាពានប្រើប្រាស់ធនធានកីឡាករក្នុងស្រុកដូចគ្នា ដូច្នេះលោកមិនសូវមានការព្រួយបារម្ភនោះទេ ទោះបីត្រូវជួបក្រុមខ្លាំងភ្នំពេញក្រោន ក្នុងជំនួបវគ្គជម្រុះដំបូងក៏ដោយ ។
 
លោកបានបន្ដថា៖ «ពានសម្ដេចតេជោ យើងមានទិសដៅខុសគ្នា យើងគិតថា EDC មិនមែនជាក្រុម ដែលគេមើលស្រាល ឬមើលរំលងដូចក្នុងលីគទេ ។ ថ្វីត្បិតភ្នំពេញក្រោន ជាក្រុមចាស់វស្សា ប៉ុន្ដែកីឡាករភាគច្រើនជាយុវជន ។ យើងទទួលស្គាល់ពួកគេមានបច្ចេកទេសល្អ តែបទពិសោធន៍មិនលើកីឡាករយើងទេ ។ ដូច្នេះពានសម្ដេច ខ្ញុំមានក្ដីរំពឹងខ្ពស់ ព្រោះវាជាគោលដៅ ទោះបីអស់ឱកាសក្នុងលីគ ក៏យើងចាប់យកឱកាសក្នុងពានសម្ដេចដែរ ។ ហើយបើឆ្នាំនេះ យើងមិនអាចឆ្លងវគ្គ ៨ក្រុម វាគឺជាការដើរថយក្រោយរបស់យើង ព្រោះជាក្រុមប្រើកីឡាករក្នុងស្រុកសុទ្ធមួយ អាចប្រជែងស្មើបឹងកេត និងភ្នំពេញក្រោនក្នុងលីគ តែបែរជាបរាជ័យក្នុងពានប្រើកីឡាករក្នុងស្រុកដូចគ្នាបែបនេះ» ។
 
លើសពីនេះ បងបង្កើតលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាដដែល បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើយើងអាចឆ្លងផុតជាមួយភ្នំពេញក្រោន ហាក់បីដូចយើង បានឆ្លងសមុទ្រមួយដូច្នោះឯង ។ ដូច្នេះខ្ញុំរំពឹង នឹងអាចទៅវគ្គបន្ដបន្ទាប់ រហូតដល់វគ្គ ៤ក្រុមចុងក្រោយ ឬលើសពីវគ្គនេះ ។ និយាយរួមយើងមានមហិច្ឆតាខ្ពស់ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ។ ចឹងខ្ញុំគិតថា ក្ដីរំពឹងរបស់យើង នឹងអាចសម្រេចបានក្នុងរដូវកាលនេះ» ។
សូមរំឭកថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ គឺបែងចែកពានថ្នាក់ខេត្ត និងថ្នាក់ជាតិផ្សេងគ្នា ។ ចំពោះពានថ្នាក់ខេត្ត បានរកឃើញជើងឯកហើយ ដែលបានទៅក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ។ រីឯពានថ្នាក់ជាតិ នឹងចាប់ផ្ដើមប្រកួតជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ នាថ្ងៃទី១១ ខែកក្កដាស្អែកនេះ ពោលគឺស្មើនឹង ៨ប្រកួត ក្នុងនោះក្រុមអគ្គិសនីកម្ពុជា ត្រូវជួបក្រុមភ្នំពេញក្រោន នៅកីឡដ្ឋានអគ្គិសនីកម្ពុជា នាវេលាម៉ោង ៣៖៣០នាទីរសៀល ។ ដោយឡែកការប្រកួតកាត់សេចក្ដីជើងទី២ ដើម្បីស្វែងរកក្រុមខ្លាំង ឡើងវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់