AFF U19៖ កម្ពុជា អាចដណ្ដើមលេខ៣ ក្នុងពូលពីទីម័រខាងកើតបានអត់ថ្ងៃនេះ?

នូ មករា July 10, 2018


ភ្នំពេញ៖ ទោះបីអស់ឱកាសដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFF U19 Championship 2018 ប៉ុន្ដែក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា នៅមិនទាន់អស់ការប្រកួតនោះទេ ពោលគឺត្រូវប្រកួតបង្គ្រប់កិច្ចពូលB នារសៀលនេះ ដោយត្រូវជួបក្រុម U19ទីម័រខាងកើត នៅកីឡដ្ឋាន Gelora Joko Samudro នៃប្រទេសឥណ្ឌូនេស៊ី ។ ចាំមើលកម្ពុជា អាចយកឈ្នះទីម័រខាងកើត ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្នុងពូលបានទេ?
នេះគឺជាការប្រកួតទី៤ របស់ក្រុមគោព្រៃជំទង់កម្ពុជា ខណៈលទ្ធផល ៣ប្រកួតកន្លងមក រួមមានឈ្នះក្រុម U19ប្រ៊ុយណេ ៤-០, ចាញ់ម៉ាឡេស៊ី ២-០ និងចាញ់មីយ៉ាន់ម៉ា ៤-១ ។ ផ្ទុយពីក្រុមទីម័រខាងកើត ដែលសល់ឱកាសប្រជែងកៅអីវគ្គបន្ដ ដោយពួកគេមាន ៥ពិន្ទុក្នុងដៃ ប៉ុន្ដែបើសិនថ្ងៃនេះ កម្ពុជា អាចយកឈ្នះទីម័រខាងកើត គឺមិនត្រឹមតែទទួលបានលេខ៣ ក្នុងពូលនោះទេ ពោលគឺជារឿងដ៏ល្អ សម្រាប់ក្រុម U19មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ដែលត្រូវដឹកដៃគ្នាឡើងវគ្គបន្ដ ដោយមិនខ្វល់ពីលទ្ធផលជួបគ្នាម៉ោង ៧យប់នេះឡើយ ។
គួរបញ្ជាក់ថា លទ្ធផលបណ្ដោះអាសន្នក្នុងពូលB ពេលនេះ គឺក្រុមមីយ៉ាន់ម៉ា និងម៉ាឡេស៊ីមាន ៧ពិន្ទុស្មើគ្នាឈរកំពូលតារាង ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងស្មើ១ តែក្រុមទាំងពីរ ត្រូវជួបគ្នា នាវេលាម៉ោង ៧យប់នេះ ។ រីឯក្រុម U19 ទីម័រខាងកើតមាន ៥ពិន្ទុឈរលេខ៣ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១ និងស្មើ២ មិនទាន់ស្គាល់ចាញ់ដូចគ្នា ។ ដូច្នេះថ្ងៃនេះ គឺជាការប្រកួតកាត់សេចក្ដី ចាំមើលតើរវាងក្រុម U19មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងទីម័រខាងកើត ក្រុមណាមួយ នឹងត្រូវហាលអាវ ដូចក្រុមគោព្រៃជំទង់កម្ពុជា?
អត្ថបទ៖ បុត្រា

 

មតិយោបល់