កុំភ្លេច! ពាន Hun Sen Cup-ថ្នាក់ជាតិ ប្រកួតថ្ងៃពុធនេះ ខណៈភ្នំពេញក្រោន ប៉ះ EDC

នូ មករា July 9, 2018


ភ្នំពេញ៖ បន្ទាប់ពីរកឃើញក្រុមជើងឯកពានថ្នាក់ខេត្តអស់រយៈពេលជាង ១ខែកន្លះកន្លងទៅ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ ឆ្នាំ២០១៨ នឹងបន្ដយុទ្ធនាការប្រកួតពានរង្វាន់ថ្នាក់ជាតិ នៅថ្ងៃពុធ ទី១១ ខែកក្កដាខានស្អែកនេះហើយ ដោយមាន ១៦ក្រុមចូលរួម ។ នេះបើយោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ជាតិកម្ពុជា(CNCC) ។
ម្មវិធីប្រកួតពានរង្វាន់ Hun Sen Cup-ថ្នាក់ជាតិ ឬវគ្គ ១៦ក្រុមចុងក្រោយ គឺបានរៀបចំកម្មវិធីចាប់គូប្រកួតរួចហើយ ដោយមាន ៤ក្រុមឡើងមកពីពានរង្វាន់ថ្នាក់ខេត្ដ និង ១២ក្រុមទៀត គឺជាសមាជិកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ។ ប៉ុន្ដែលទ្ធផលចាប់គូ សុទ្ធសឹងជាគូជក់ចិត្ត ពិសេសគឺជំនួបរវាងក្រុមភ្នំពេញក្រោន ជាមួយក្រុមអគ្គិសនីកម្ពុជា(EDC) និងក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមវិសាខាតែម្ដង ។
សម្រាប់អ្នកគាំទ្រ សុទ្ធតែបានចាត់ទុកជំនួប ២ប្រកួតខាងលើ គឺជាគូពិសេស ព្រោះក្រុមនីមួយៗ សុទ្ធតែមានធនធានកីឡាករល្អៗច្រើន ដើម្បីត្រៀមក្នុងពានប្រើប្រាស់ធនធានកីឡាករក្នុងស្រុកនេះ ។ ម្យ៉ាងវិញ ទោះបីជាការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃពានថ្នាក់ជាតិ ត្រូវធ្វើការប្រកួត ២ជើងក្ដី ក៏មានក្រុមមួយចំនួន ត្រូវធ្លាក់ត្រឹមវគ្គជម្រុះដំបូងនេះដែរ ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែទន្ទឹងរង់ចាំទស្សនាការប្រកួតថែមទៀត ។
គួរបញ្ជាក់ថា ក្រៅពីគូពិសេស ២ប្រកួតខាងលើ ក៏មានគូជក់ចិត្ត ៦ប្រកួតផ្សេងទៀត ត្រូវធ្វើសង្គ្រាមលើសមរភូមិវាលស្មៅក្នុងថ្ងៃតែមួយ នាថ្ងៃពុធនេះផងដែរ រួមមានក្រុមខេត្តកោះកុង ប៉ះសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ, វេស្ទើន ជួបបឹងកេត, សូលទីឡូអង្គរ ជួបអង្គរថាយហ្គឺរ, ណាហ្គាវើល ជួបក្រុមខេត្តកំពត, ក្រសួងការពារជាតិ ប៉ះអាស៊ីអឺរ៉ុប និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបក្រុមគិរីវង់សុខសែនជ័យ ។ ចំពោះកម្មវិធីប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដាខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់