AFF U19៖ កម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះ ក្រោយទីម័រខាងកើត ស្មើម៉ាឡេស៊ី

នូ មករា July 9, 2018


 ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U19 Championship 2018 ទៅហើយ បន្ទាប់ពីក្រុម U19 ម៉ាឡេស៊ី ប្រកួតស្មើក្រុម U19ទីម័រខាងកើត ដោយលទ្ធផល ១-១ ក្នុងការប្រកួតទី៣ របស់ពួកគេ នៃពូលB នៅកីឡដ្ឋាន Gelora Joko Samudro ប្រទេសឥណ្ឌូនេស៊ី កាលពីយប់មិញ ។
លទ្ធផលស្មើគ្នានេះ គឺបានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជាអស់ឱកាសតែម្ដង ទោះបីសល់មួយប្រកួតក្នុងដៃក៏ដោយ ។ លទ្ធផលបណ្ដោះអាសន្នក្រុមមីយ៉ាន់ម៉ា និងម៉ាឡេស៊ី សុទ្ធតែមាន ៧ពិន្ទុក្នុងដៃ ឈរលំដាប់កំពូលតារាង ជាមួយលទ្ធផល ៣ប្រកួតឈ្នះ២ និងស្មើ១ ខណៈក្រុម U19ទីម័រខាងកើតឈរលេខ៣ និងមាន ៥ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ១ និងស្មើ២ ។ ផ្ទុយពីក្រុម U19កម្ពុជា ទើបរកបាន ៣ពិន្ទុជាមួយលទ្ធផល ៣ប្រកួតឈ្នះ១ និងចាញ់ ២ ។
ដោយហេតុនេះ ក្រុមមានឱកាសប្រជែងកៅអីវគ្គបន្ដមាន ៣ក្រុម គឺមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈការប្រកួតកាត់សេចក្ដី នឹងធ្វើឡើងនាល្ងាចថ្ងៃទី១០ ខែកក្កដាស្អែកនេះ ក្នុងនោះក្រុម U19មីយ៉ាន់ម៉ា ត្រូវប៉ះក្រុមម៉ាឡេស៊ី ខណៈក្រុម U19ទីម័រខាងកើត ត្រូវជួបក្រុមគោព្រៃជំទង់កម្ពុជា ហើយវាគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមនីមួយៗសុទ្ធតែត្រូវការឈ្នះ សូម្បីក្រុម U19កម្ពុជា ទោះបីរបូតឱកាសឡើងវគ្គបន្ដ ក៏ត្រូវការ ៣ពិន្ទុ ដើម្បីលើកកិត្តិយសជាតិផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់