គ្រូ EDC ថា ណាហ្គា កំពុងស្រេកឃ្លានជ័យជម្នះ ដូច្នេះប៉ះគ្នាស្អែកនេះគឺជាជំនួបដ៏ពិបាក!

នូ មករា July 6, 2018


ភ្នំពេញ៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា(EDC) បានសម្ដែងក្ដីបារម្ភធំៗចំនួនពីរ ក្នុងការប្រកួតសប្ដាហ៍ទី១៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ទី១ គឺការប្រឈមមុខជាមួយក្រុមខ្លាំងណាហ្គាវើល និងទី២ កូនក្រុមមួយចំនួនមានបញ្ហារបួស និងជំងឺ ដែលត្រូវអវត្តមានពីការប្រកួតដ៏សំខាន់នាវេលាម៉ោង ៣រសៀលស្អែកនេះ នៅកីឡដ្ឋានស្ដាតចាស់ ។

បងបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា រូបនេះបញ្ជាក់ថា ការប្រកួតជើងទី២ ជាមួយណាហ្គាវើលស្អែកនេះ អាចជាជំនួបដ៏ពិបាក ព្រោះពួកគេកំពុងស្រេកឃ្លានជ័យជម្នះ ដើម្បីប្រជែងកៅអីកំពូលតារាង ។ ទន្ទឹមជាមួយគ្នា អគ្គិសនីកម្ពុជា មិនត្រឹមតែគ្មានការនាំចូលកីឡាករបន្ថែម និងបាត់បង់កីឡាក ម៉ែន មុន្នីរ៉ា ដែលវិលទៅជួបក្លឹបចាស់នោះទេ គឺថែមទាំងមានបញ្ហាកីឡាករឈឺ និងរបួសច្រើននាក់ទៀតផង ។ គ្រូបង្វឹកកម្រិត A ដដែលបន្ដថា៖ «យើងគិតថា ការជួបជាមួយណាហ្គាវើល ដែលជាក្រុមកំពុងស្រេកឃ្លានចំណាត់ថ្នាក់ យើងនឹងពិបាកទប់ទល់បន្ដិច ប៉ុន្ដែយ៉ាងណាយើងដឹងហើយថា ទោះបីអេស្ប៉ាញ ក៏នៅចាញ់រុស្ស៊ីដែរ ។ ចឹងយើងនឹងរកវិធីសាស្ដ្រណាមួយឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អ ទោះលទ្ធផលបែបណា ក៏យើងចាត់ទុកជាលទ្ធផលល្អ ឲ្យតែកូនក្រុមយើងលេងដោយទំនុកចិត្ត» ។

សូមបញ្ជាក់ថា កាលពីជើងទី១ ក្រុមអគ្គិសនីកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមកំពុងឈរលេខរៀងទី២ ណាហ្គាវើល ដល់ទៅ ៥-១ ឯណោះ ហើយបើប្រៀបធៀបលទ្ធផលបណ្ដោះអាសន្ន គឺក្រុមទាំងពីរ មានពិន្ទុខុសគ្នាច្រើន ក្នុងនោះក្រុមលោក មាស ចាន់ណា មាន ២៨ពិន្ទុជាមួយលទ្ធផល ១២ប្រកួតឈ្នះ ៩ ស្មើ១ និងចាញ់ ២ គ្រាដែលក្រុមលោក ប្រាក់ វុទ្ធី ទើបរកបាន ៥ពិន្ទុឈរលេខរៀងទី១១ បន្ទាប់ពីឆ្លងកាត់ ១២ប្រកួតឈ្នះ១ ស្មើ២ និងចាញ់ ៩ប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់