ជិន ជុំ ចូលនិវត្តន៍ពីលីគ ប៉ុន្ដែមិនបោះបង់ពាន Hun Sen Cup ឡើយ

នូ មករា July 5, 2018


ភ្នំពេញ៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ជិន ជុំ បានប្រកាសចូលនិវត្តន៍ពីការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាហើយ នៅឡើយតែពានសម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ប៉ុណ្ណោះ ដែលកីឡាករវ័យ ៣២ឆ្នាំរូបនេះ នៅតាំងចិត្តជួយក្រុមអគ្គិសនីកម្ពុជា រហូតដល់ទីបញ្ចប់ ។

 ជិន ជុំ បានឲ្យដឹងថា ខ្លួនបានសម្រេចចូលពីនិវត្តន៍ពីក្របខណ្ឌលីគកំពូលកម្ពុជា ក្រោយបញ្ចប់ការប្រកួតជើងទី១ ក្នុងរដូវកាលឆ្នាំ២០១៨ ។ ប៉ុន្ដែទន្ទឹមនឹងការតាំងចិត្តព្យួរស្បែកជើងពីលីគកំពូលនេះ ក៏គោរពទៅតាមការសម្រេចចិត្តរបស់គ្រូធំលោក ប្រាក់ វុទ្ធី ដែរ ។ ជិន ជុំ និយាយថា «ការចូលនិវត្ដន៍ គឺខ្ញុំបានតាំងចិត្ត និងប្រកាសរួចហើយ ប៉ុន្ដែករណីចាំបាច់បើសិនកីឡាករអគ្គិសនីមានបញ្ហារបួស ឬខ្វះខាតកីឡាករ ខ្ញុំក៏អាចនឹងជួយដែរ គឺគោរពតាមការសម្រេចរបស់គ្រូធំ» ។

បន្ថែមលើនេះ អតីតសមាជិកក្រុមភ្នំពេញក្រោន និងណាហ្គាវើលរូបនេះ បានបញ្ជាក់ថា ខ្លួនចូលនិវត្តន៍តែក្នុងលីគប៉ុណ្ណោះ ខណៈពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខ្លួននៅតែចូលរួមធម្មតា រហូតគិតថាទៅលែងរួច ទើបចូលនិវត្តន៍ទាំងអស់ ។ តែទោះបីចូលនិវត្តន៍ ក៏ខ្លួនមិនឃ្លាតឆ្ងាយពីបាល់ទាត់ដែរ ជាក់ស្ដែងបច្ចុប្បន្ន ក្រោយចូលនិវត្តន៍ពីលីគ ជិន ជុំ បានធ្វើជាគ្រូជំនួសរបស់លោក ប្រាក់ វុទ្ធី ដើម្បីដកស្រង់បទពិសោធន៍ និងបង្កើនសមត្ថភាពជាគ្រូបង្វឹក ដើម្បីសម្រេចគោលដៅចង់ក្លាយជាគ្រូបង្វឹកនាពេលអនាគត ។

គួរបញ្ជាក់ថា ជិន ជុំ បានផ្ដើមលេងបាល់ទាត់ឆ្នាំ២០០៤ ជាមួយក្រុមខេត្តកោះកុង មុនផ្លាស់មកលេងឲ្យក្រុម ភ្នំពេញក្រោន កាលពីឆ្នាំ២០០៦-២០០៨ បន្ទាប់មកទើបផ្លាស់មកលេងឲ្យក្រុមណាហ្គាវើល តាំងពីឆ្នាំ២០០៨-២០១៦ ។ ចូលឆ្នាំ២០១៧ ខ្សែប្រយុទ្ធចាស់វស្សានេះ បានប្ដូរមកលេងឲ្យអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០១៦-២០១៧ និងចុងក្រោយប្ដូរមកលេងឲ្យក្រុមអគ្គិសនីកម្ពុជា ចាប់ពីឆ្នាំ២០១៧ ដល់សព្វថ្ងៃ ។ ចំពោះបំណងធំក្រោយចូលនិវត្តន៍ ជិន ជុំ បានប្ដេជ្ញាចិត្តបន្ដការសិក្សាយកសញ្ញាបត្រគ្រូបង្វឹកឲ្យកាន់តែធំ ខណៈបច្ចុប្បន្នគេ បានបញ្ចប់សញ្ញាបត្រ C License រួចហើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់