លីគកំពូលកម្ពុជា៖ ប៉ះភ្នំពេញក្រោនចុងសប្ដាហ៍នេះ គ្រូទ័ព គ្មានក្ដីបារម្ភឡើយ

នូ មករា July 5, 2018


ភ្នំពេញ៖ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) បានបង្ហាញនូវភាពជឿជាក់យ៉ាងមុតមាំ សម្រាប់ជំនួបជើងទី២ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី១៣ ជាមួយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នាល្ងាចថ្ងៃទី០៨ ខែកក្កដាចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន RSN ហើយថែមទាំងគ្មានក្ដីបារម្ភទៀតផង ទោះបីកាលពីជើងទី១ ក្រសួងការពារជាតិ បានបរាជ័យក្នុងដី ២-០ ក៏ដោយ ។

បុរសវ័យ ៣៧ឆ្នាំរូបនេះ បញ្ជាក់ថា ការបរាជ័យជើងទី១ គឺបណ្ដាលមកពីការធ្វេសប្រហែស នៅពេលភ្នំពេញក្រោន ធ្វើការវាយបកលឿនៗ ប៉ុន្ដែការជួបគ្នាជើងទី២ ចុងសប្ដាហ៍នេះ លោកបានប្ដេជ្ញា នឹងមិនឲ្យកើតមានស្ថានភាពដូច្នេះកើតឡើងម្ដងទៀតឡើយ ។ ការអះអាងបែបនេះ ដោយសារលោកបានកែប្រែកំហុសទាំងនោះ ហើយបានសម្រេចលទ្ធផលល្អជាបន្ដបន្ទាប់ ជាក់ស្ដែង ៤ប្រកួតចុងក្រោយ ដែលក្រុមលោកបានទទួលជ័យជម្នះផ្ទួនៗតែម្ដង ។

គ្រូបង្វឹកកម្រិត A រូបនេះបន្ដថា «ដោយសារស្ថានភាពទីលានអំណោយផល ទោះបីយើងមិនបានហាត់រាល់ថ្ងៃ ប៉ុន្ដែគិតថា ទីលាននៃកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន គឺជាអំណោយផលមួយសម្រាប់យើង ព្រោះទីលានគេល្អ រាបស្មើ ហើយបច្ចុប្បន្ននេះ គឺយើងធ្វើបានល្អ សម្រាប់គ្រប់គ្រងបាល់ ដែលធ្វើឲ្យយើងបង្កើតឱកាសប្រយុទ្ធបានច្រើន ។ អញ្ចឹងយើងគិតថា យើងមិនបារម្ភនោះទេ ទោះបីម្ចាស់ផ្ទះ គេបានហាត់នៅទីលានគេជាប្រចាំក៏ដោយ» ។

សូមបញ្ជាក់ថា កាលពីជើងទី១ ក្រសួងការពារជាតិ បរាជ័យក្រោមថ្វីជើងភ្នំពេញក្រោន ២-០ ដែលផ្ទុយកាលពីរដូវកាលឆ្នាំ២០១៧ ជួបគ្នា ២ជើងក្រសួងការពារជាតិឈ្នះទាំង ២ជើង ។ ដូច្នេះចាំមើលឆ្នាំនេះ តើភ្នំពេញក្រោន អាចសងសឹកយកឈ្នះទាំង ២ជើងវិញ ឬក្រុមក្រសួងការពារជាតិ អាចវាយបកយកឈ្នះក្នុងជំនួបជើងទី០២ នាចុងសប្ដាហ៍នេះ? ដូច្នេះសូមកុំភ្លេច ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត និងគាំទ្រក្រុមទាំងពីរ ខណៈការប្រកួតនឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាចថ្ងៃអាទិត្យនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់