យុវជន ឡុង គីមហេង ប្រាថ្នាចង់ក្លាយជាអ្នកលេងបាល់ទាត់ Freestyle ល្បីល្បាញនាពេលអនាគត

នូ មករា July 5, 2018


ភ្នំពេញ៖ បាល់ទាត់ គឺជាប្រភេទកីឡាដ៏មានប្រជាប្រិយបំផុតមួយនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅទូទាំងពិភពលោកផងដែរ ។ ជាការកត់សម្គាល់ នាប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា យុវវ័យកម្ពុជាបានចូលរួមយ៉ាងផុសផុលទាំងការហ្វឹកហាត់ជាលក្ខណៈកីឡាករ កីឡាការិនីអាជីព ឬជាការលេងកម្សាន្តនាពេលទំនេរជាដើម ជាហេតុនាំឱ្យវិស័យបាល់ទាត់មានភាពរីកចម្រើនជាលំដាប់ ខណៈដែលទាំងផ្នែកឯកជន និងរាជរដ្ឋាភិបាលបានខិតខំជំរុញឱ្យមានការយកចិត្តទុកដាក់ ការឧបត្ថម្ភគាំទ្រនានាក្នុងគោលដៅបង្កើនវឌ្ឍនភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជាដើម្បីអាចឈានដល់កម្រិតប្រកួតប្រជែងខ្ពស់ទាំងក្នុុងតំបន់ និងកម្រិតអន្តរជាតិ ។
យ៉ាងណាក៏ដោយ អ្វីដែលមហាជនខ្មែរមិនសូវជាបានជួបប្រទះនោះគឺ ការលេងបាល់ទាត់បែប freestyle (Football Freestyle) ដែលយុវវ័យខ្មែរនិយមលេងត្រឹមជាការត្រេះបាល់ ឬការចាក់ក្បាច់ខ្លះៗ ប៉ុន្តែមិនទាន់អាចរាប់បញ្ចូលជាលក្ខណៈអាជីពនៅឡើយទេ បើទោះបីជាប្រភេទកីឡាមួយនេះមានការទទួលស្គាល់ជាអន្តរជាតិដោយមានការបង្កើតជាសហព័ន្ធកីឡាបាល់ទាត់ហ្វ្រីស្តាយ៍ ឬ Freestyle Football Federation ដែលមានសមាជិករហូតដល់ជាង ៩០ប្រទេស ដោយមានការប្រកួតដណ្តើមពានរង្វាន់កម្រិតពិភពលោកថែមទៀតផង ។  ដូច្នេះ ប្រភេទកីឡាមួយនេះគួរតែទទួលបានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ពីសំណាក់សាធារណជន ស្ថាប័នរដ្ឋ និងឯកជនដើម្បីលើកទឹកចិត្តយុវជនកម្ពុជាឱ្យចូលរួមកាន់តែច្រើនថែមទៀត ។
គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកលេង Football Freestyle នៅកម្ពុជា យុវជន ឡុង គីមហេង កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនបន្ទាប់ពីវីដេអូរបស់គេត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកហើយទទួលបានការកោតសរសើរជាបន្តបន្ទាប់ ។ ” ខ្ញុំចូលចិត្តលេង freestyle នេះពីព្រោះកាលពីខ្ញុំថ្នាក់ទី៦ ខ្ញុំចូលចិត្តលេងបាល់ទាត់ណាស់ ប៉ុន្តែកម្រិតនៃការលេងរបស់ខ្ញុំគឺខ្សោយហើយឆាប់ហត់ និងពុំសូវមានពេលវេលាទៅលេង ពីពេលនោះមកខ្ញុំក៏សម្រេចចិត្តផ្អាកការលេងបាល់នៅអំឡុងពេលរៀនថ្នាក់ទីប្រាំបីតែម្តង ។ ក៏ប៉ុន្តែបន្ទាប់ពីបានឃើញវីដេអូរបស់ លោក Sean Garnier ធ្វើក្បាច់បាល់យ៉ាងអស្ចារ្យនាពេលនោះខ្ញុំក៏នឹកឃើញចង់ចេះវាហើយប្រាប់មិត្តភ័ក្តិខ្ញុំថា ខ្ញុំនឹងធ្វើឱ្យបាន។ ខ្ញុំក៏បានចាប់ផ្តើមហាត់ពីពេលនោះមក! ” យុវជនវ័យ ១៦ឆ្នាំដែលមានស្រុកកំណើតនៅខេត្តសៀមរាបបានបញ្ជាក់ដូច្នេះ ។
អ្វីដែលគួរឱ្យកោតសរសើរនោះគឺ គីមហេង ដែលមានទេពកោសល្យពិសេសអមជាមួយនិងការខិតខំព្យាយាមនោះអាចបំបែកក្បាច់  freestyle ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតដោយខ្លួនឯងតាមរយៈការមើលវីដេអូលើបណ្តាញយូធូប (youtube) ដោយមិនមានការបង្ហាត់បង្រៀនពីគ្រូជំនាញណាមួយឡើយ ។ រូបគេបានបន្ថែមថា៖ ” វាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ តែវានៅតែទាមទារឱ្យយើងខិតខំពុះពារ និងតាំងចិត្តខ្ពស់ព្រោះវាតែងជួបការលំបាកក្នុងពេលចាប់ផ្តើមដំបូងៗ និងខ្វះពេលវេលាហ្វឹកហាត់ជាដើម ។ ប៉ុន្តែវាជាសំណាងមួយដែរ ព្រោះក្រុមគ្រួសាររបស់ខ្ញុំបានគាំទ្រពេញទំហឹង ហើយពេលដែលខ្ញុំចង់បានបាល់រឺស្បែកជើងគឺពួកគាត់ទិញឱ្យទាំងអស់ អុីចឹងហើយទើបកាន់តែអំណោយផលសម្រាប់ការហ្វឹកហាត់បន្ថែមទៀត ។ ខ្ញុំចង់ធ្វើដូច Robert Guzik គាត់មានការផ្លាស់ប្តូរ style និងមានភាពទាក់ទាញខ្លាំងមែនទែន! “

ជាមួយនឹងទេពកោសល្យនេះ រូបគេរំពឹងថានឹងអាចទទួលបានភាពល្បីល្បាញបន្ថែមទៀតក្នុងការលេងបែប freestyle ខណៈដែលរូបគេប្តេជ្ញាធ្វើឱ្យកាន់តែល្អ និងមិនបោះបង់ចោលនោះទេ បើទោះបីជាទៅថ្ងៃមុខរូបគេចង់ក្លាយជាអ្នកឌីហ្សាញគំនូរជីវចលមួយរូបក៏ដោយ ៕

អត្ថបទ៖ មករា

 

មតិយោបល់