ស៊ូ យ៉ាទី សោកស្ដាយរឿងម្យ៉ាង ក្រោយចែកផ្លូវជាមួយបឹងកេត!

នូ មករា July 4, 2018


ភ្នំពេញ៖ ថ្វីត្បិតការផ្លាស់ប្ដូរទ្រនំថ្មី គឺជាក្លឹបមានសក្ដានុពលដូចគ្នា ប៉ុន្ដែអ្នកចាំទីឆ្នើម ស៊ូ យ៉ាទី បានបន្សល់នូវការសោកស្ដាយរឿងមួយ បន្ទាប់ពីគេចែកផ្លូវជាមួយបឹងកេត ហើយទៅរួមរស់ជាមួយក្រុមណាហ្គាវើល គឺការមិនបានលេងជាមួយខ្សែប្រយុទ្ធដ៏មុតស្រួច ចាន់ វឌ្ឍនាកា ។ ការសម្ដែងការសោកស្ដាយយរបស់អ្នកចាំទីវ័យ ២៦ឆ្នាំរូបនេះ គឺបន្ទាប់ពីកីឡាករ ចាន់ វឌ្ឍនាកា វិលមកជួយក្រុមបឹងកេតវិញ នៅជើងទី២ នៃលីគកំពូលកម្ពុជា ក្រោយចែកផ្លូវជាមួយក្លឹបលីគកំពូលម៉ាឡេស៊ី Pahang FA ហើយក៏ស្របពេល ស៊ូ យ៉ាទី បានចុះកុងត្រារួមរស់ជាមួយក្រុមលោក មាស ចាន់ណា ផងដែរ ។

ស៊ូ យ៉ាទី បាននិយាយថា៖ «សម្រាប់ខ្ញុំ គឺមានការសោកស្ដាយខ្លះដែរ ដែលមិនបានលេងជាមួយ វឌ្ឍនាកា តែធ្វើម៉េច បាល់ទាត់គឺវាបែបនេះ តែបើបានលេងជាមួយគាត់ ខ្ញុំពិតជាសប្បាយ ព្រោះគាត់មានបទពិសោធន៍ច្រើន ។ ប៉ុន្ដែមិនអីទេ ក្នុងទីលានយើងនៅតែអាចជួបគ្នាដដែល គ្រាន់តែជួបគ្នាក្នុងនាមគូបដិបក្ស តែចប់ការប្រកួត នៅក្រៅទីលាន យើងនៅរក្សាមិត្តភាពដដែល» ។

អ្នកចាំទីជម្រើសជាតិ ទើបចុះកុងត្រារយៈពេល ២ឆ្នាំកន្លះជាមួយក្រុមណាហ្គាវើលរូបនេះ បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីជួប ចាន់ វឌ្ឍនាកា ក្នុងទីលានប្រកួត ហើយក៏គ្មានក្ដីបារម្ភដែរ ទោះបីដឹងច្បាស់ថា វឌ្ឍនាកា គឺជាកីឡាករមានបទពិសោធន៍ក្រៅស្រុកច្រើនក៏ដោយ ។ ការអះអាងបែបនេះ ដោយសារ យ៉ាទី ជឿជាក់លើសមត្ថភាពរបស់ខ្លួន ដែលមានបទពិសោធន៍ប្រកួតអន្ដរជាតិ ក៏មិនតិចដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់