AFF U19៖ កម្ពុជា ប៉ះម៉ាឡេស៊ីរសៀលនេះ ខណៈធ្លាប់ជួបគ្នា ៣ដង ប៉ុន្តែស្មើគ្នាម្ដងគត់

នូ មករា July 4, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា នឹងត្រូវធ្វើការងារធ្ងន់ ដោយជួបក្រុមខ្លាំងម៉ាឡេស៊ី នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅក្នុងប្រកួតទី២ នៃព្រឹត្តិការណ៍បាល់ទាត់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U19 Championship 2018 ពូលB នៅប្រទេសឥណ្ឌូនេស៊ី ។ ចាំមើលតើកម្ពុជា ឬម៉ាឡេស៊ី នឹងទទួលបាន ៣ពិន្ទុពីការប្រកួតដ៏សំខាន់នេះ?
មុនជួបគ្នាថ្ងៃនេះ ក្រុមគោព្រៃជំទង់កម្ពុជា និងក្រុម U19ម៉ាឡេស៊ី ធ្លាប់មានប្រវត្តិជួបគ្នាក្នុងព្រឹត្តិការណ៍នេះចំនួន ៣លើកមកហើយ ប៉ុន្ដែកម្ពុជា មិនធ្លាប់ឈ្នះនោះទេ ពោលគឺជួបគ្នាលើកដំបូង ឆ្នាំ២០០៣ ម៉ាឡេស៊ីឈ្នះ ៣-០ ក្រោយមកក្នុងឆ្នាំ២០១១ ស្មើគ្នា ០-០ និងលើកចុងក្រោយជួបគ្នាឆ្នាំ២០១៧ ម៉ាឡេស៊ីឈ្នះ ២-០ ។ ផ្អែកតាមប្រវត្តិនេះ កម្ពុជាទំនងមិនងាយស្រួលក្នុងការប្រជែង ៣ពិន្ទុពីក្រុមជើងឯករង ៥ជំនាន់នេះឡើយ ។
លោក Musashi Mizushima គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនកម្ពុជា ធ្លាប់បានលើកឡើងថា បេសកកម្មមួយនេះ ក្រុម U19ម៉ាឡេស៊ី គឺជាក្រុមឧបសគ្គធំរបស់ខ្លួន ព្រោះពួកគេមានប្រវត្តិជោគជ័យច្រើនក្នុងព្រឹត្តិការណ៍នេះ ប៉ុន្ដែលោកបានត្រៀមខ្លួន ដើម្បីជួបពួកគេហើយដែរ ហើយថែមទាំងមានទំនុកចិត្តទុកទៀត ដោយសារការជឿជាក់លើកូនក្រុម ដែលសុទ្ធសឹងជាកីឡាករល្អ និងមានបទពិសោធន៍លេង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ។
សូមបញ្ជាក់ថា ជាបណ្ដោះអាសន្នកម្ពុជា កំពុងកាន់ ៣ពិន្ទុឈរកំពូលតារាងពូលB ក្រោយប្រកួតបើកឆាកលត់ក្រុម U19ប្រ៊ុយណេ ៥-០ កាលពីដើមសប្ដាហ៍ ខណៈក្រុមម៉ាឡេស៊ី ទើបប្រកួតលើកដំបូង មិនទាន់មានពិន្ទុរាប់ទេ ។ ចំណែកគូប្រជែងក្នុងពូលជាមួយគ្នា គឺក្រុមមីយ៉ាន់ម៉ា និងទីម័រខាងកើត គឺមាន ១ពិន្ទុស្មើគ្នា បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ កាលពីថ្ងៃមុន ហើយយប់នេះ ក្រុម U19ទីម័រខាងកើត ក៏ត្រូវស្វាគមន៍ក្រុមប្រ៊ុយណេផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់