AFF Women’s៖ តើកម្ពុជា អាចយក ៣ពិន្ទុពីថៃបានទេ បើមានប្រវត្តិផ្ទុយគ្នាស្រឡះដូច្នេះ!

នូ មករា July 4, 2018


ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់ ១ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវធ្វើការងារកាន់តែធ្ងន់ ដោយត្រូវជួបក្រុមខ្លាំងថៃ ក្នុងប្រកួតទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ស្ដ្រីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF Women’s Championship 2018 ពូលA នាវេលាម៉ោង ៤ល្ងាចនេះ នៅកីឡដ្ឋាន Bumi Sriwijaya ប្រទេសឥណ្ឌូស៊ី ។ នេះគឺជាការប្រកួតដ៏សំខាន់ និងលំបាកសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា ដែលត្រូវប្រឈមមុខជាមួយក្រុមពោរពេញដោយបទពិសោធន៍ដូចជាក្រុមថៃនេះ ។
 
សម្រាប់ប្រវត្តិចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺផ្ទុយគ្នាស្រឡះរវាងក្រុមនារីកម្ពុជា និងថៃ ពោលគឺក្រោយពាននេះ បង្កើតកាលពីឆ្នាំ២០០៤ ក្រុមបាល់ទាត់នារីថៃ តែងតែចូលរួមមិនដែលខានឡើយ ដោយខុសពីកម្ពុជាដែលទើបចូលរួមលើកដំបូងក្នុងឆ្នាំ២០១៨ នេះប៉ុណ្ណោះ ។
មុនការប្រកួតចាប់ផ្ដើម លោក មាស សំអឿន គ្រូបង្វឹកក្រុមបាល់ទាត់នារីកម្ពុជា បានទទួលស្គាល់សមត្ថភាពរបស់ក្រុមថៃ គឺជាខ្លាំង ព្រោះជាក្រុមមានបទពិសោធន៍ ហើយកើតចេញពីក្រុមថ្នាលដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ។ យ៉ាងណាមិញ លោកជឿជាក់ថា កូនក្រុមរបស់ខ្លួន នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកពិន្ទុបន្ថែម ស្របពេលបណ្ដោះអាសន្នក្រុមទាំងពីរកំពុងកាន់ ៣ពិន្ទុរៀងៗខ្លួនក្នុងពូលA ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់