កែវ សុខផេង ប្តេជ្ញាប្រយ័ត្នគ្រប់ការប្រកួត ខណៈគ្រូធំវិសាខា អះអាងថាកូនក្រុមថ្មីមិនទាន់ល្អនៅឡើយ

នូ មករា July 3, 2018


ភ្នំពេញ៖ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង ជាមួយក្រុមវិសាខា កីឡាករ កែវ សុខផេង បានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយនឹងការរកបាន ១គ្រាប់ជួយក្រុមថ្មី យកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០ នាជំនួបសប្ដាហ៍ទី១២ នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍មុន ។ ប៉ុន្ដែជ័យជម្នះនេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ខ្លួន ខណៈ សុខផេង បានតាំងចិត្តលេងគ្រប់ប្រកួតឲ្យអស់ពីសមត្ថភាព ១០០% ដើម្បីសម្រេចគោលដៅក្លឹបទើបឡើងពីលីគទី២ នេះ ។
ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួយក្រុមវិសាខា រក្សាកៅអីលេខរៀងទី៣ បណ្ដោះអាសន្ន អតីតសមាជិកក្រុមភ្នំពេញក្រោនរូបនេះ បាននិយាយថា៖ «ការប្រកួតលើកក្រោយ អ្វីដែលកីឡាករយើងចង់បាន គឺការទាត់ចូលទីគូប្រជែង ប៉ុន្ដែយើងមិនអាចមើលងាយក្រុមគេបានទេ គឺត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព ១០០% ជានិច្ច» ។ ប៉ុន្ដែយ៉ាងណាការសហការជាមួយមិត្តរួមក្រុមថ្មីលើទីលាន នៅមិនទាន់យល់ចិត្តគ្នា ១០០% នោះទេ ។ នេះបើតាមការបញ្ជាក់របស់ កែវ សុខផេង ។
សូមបញ្ជាក់ថា សម្រាប់ប្រកួតបើកឆាកជើងទី២ ត្រូវនឹងសប្ដាហ៍ទី១២ នៃលីគកំពូលកម្ពុជា ជាមួយក្រុមអគ្គិសនីកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ សមាជិកថ្មី ៣រូបរបស់ក្រុមវិសាខា ត្រូវបានលោក ហុក សុជីវ័ន ដាក់ឲ្យលេងក្នុងជម្រើស ១១នាក់ដំបូងទាំងអស់ គឺមាន កែវ សុខផេង, សុខ សុវណ្ណ និងកីឡាករ ទិត្យ ឌីណា តែលោកបញ្ជាក់ថា ការបង្ហាញខ្លួននេះ ពួកគេនៅមិនទាន់ធ្វើបានល្អនោះទេ ព្រោះការលេងខុសពីបទពិសោធន៍ធ្លាប់លេងកន្លងមករបស់ពួកគេ ប៉ុន្ដែការប្រកួតបន្ទាប់ លោកជឿជាក់ថា ពួកគេនឹងធ្វើបានកាន់តែល្អប្រសើរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់