សឿយ វិសាល អាចជួយស្វាយរៀងបានវិញ ចុងសប្ដាហ៍នេះ ក្រោយរួចពិន័យរបស់FFC!

នូ មករា July 3, 2018


ភ្នំពេញ៖ ខ្សែការពារដ៏សំខាន់របស់ក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ សឿយ វិសាល នឹងត្រឡប់មកជួយមិត្តរួមក្រុមបានវិញ នាចុងសប្ដាហ៍នេះ បន្ទាប់ពីរួចផុតពិន័យព្យួរ ៤ប្រកួតរបស់គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ។ ការវិលចូលសមរភូមិប្រយុទ្ធលើវាលស្មៅរបស់ម្ចាស់អាវលេខ ១២ រូបនេះ គឺស្របពេលក្រុមខ្លួន ត្រូវបើកទ្វារផ្ទះទទួលក្រុមប៉ូលិស ក្នុងជំនួបសប្ដាហ៍ទី១៣ នៃលីគកំពូលកម្ពុជា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ។
  
សូមរំឭកថា សឿយ វិសាល ត្រូវបានពិន័យពីបទវាយគូប្រកួត ដែលល្មើលមាត្រា ៤៨ នៃក្រមវិន័យរបស់សហព័ន្ធ អំឡុងពេលប្រកួតជាមួយក្រុមភ្ញៀវក្រសួងការពារជាតិ កាលពីថ្ងៃទី០៣ ខែមិថុនា ។ ការប្រព្រឹត្តកំហុសនេះ ត្រូវបានសហព័ន្ធសម្រេចដាក់ទណ្ឌកម្មព្យួរ ៤ប្រកួត អមដោយទឹកប្រាក់ ៥០ម៉ឺនរៀល ស្របពេលមិត្ដរួមក្រុម ៦នាក់ទៀត ក៏ត្រូវបានពិន័យផងដែរ តែក្នុងនោះមាន ៥នាក់ត្រូវបានព្យួរការប្រកួតដល់ទៅ ៣ខែ ។ លើកលែងតែកីឡាករ នុប តុលា ប៉ុណ្ណោះ ដែលទទួលការពិន័យត្រឹម ២ប្រកួត ។
 
ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ គឺអំឡុងពេល ៤ប្រកួត ដែលគ្មានវត្តមាន សឿយ វិសាល ព្រះខ័នរាជស្វាយរៀងបានស្គាល់ឈ្នះម្ដងគត់លើក្រុមវេស្ទើន ហើយចាញ់ដល់ទៅ ៣ប្រកួត ខណៈចុងក្រោយកាលពីចុងសប្ដាហ៍មុន ប្រកួតចាញ់ក្រុមណាហ្គាវើលក្នុងទឹកដីខ្លួន ៤-០ ដែលធ្វើឲ្យក្រុមដឹកនាំដោយគ្រូបង្វឹកអៀកឡង់លោក Conor Nester មួយនេះ បន្ដឈរលេខរៀងទី៨ និងមាន ១៤ពិន្ទុប៉ុណ្ណោះ ជាមួយលទ្ធផល ១២ប្រកួតឈ្នះ៤ ស្មើ២ និងចាញ់ ៦ប្រកួត ។ រីឯបណ្ដឹងឧទ្ធរណ៍ ដែលក្លឹបបានប្ដឹងទៅកាន់សហព័ន្ធ ដើម្បីសុំការបន្ធូបន្ថយទោសលើកូនក្រុម នៅមិនទាន់ត្រូវបានទម្លាយឲ្យដឹងនោះទេ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់