AFF U19! កម្ពុជា លត់ប្រ៊ុយណេ ៥-០ ឡើងឈរកំពូលតារាងពូល B

នូ មករា July 3, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា បានយកឈ្នះយ៉ាងចាស់ដៃលើក្រុម U19ប្រ៊ុយណេ ដោយលទ្ធផល ៥-០ ដើម្បីឡើងឈរកំពូលតារាងពូលB សម្រាប់ប្រកួតបើកឆាកនៃព្រឹត្តិការណ៍បាល់ទាត់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U19 Championship 2019 នៅប្រទេសឥណ្ឌូនេស៊ីដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមគោព្រៃជំទង់កម្ពុជា គឺធ្វើបាន ៣គ្រាប់ម្នាក់ឯង (Hat-Trick) ដោយយុវជនមកពីក្លឹបព្រះខ័នរាជស្វាយរៀង ឃាង ម៉េងហ៊ួរ និង ២គ្រាប់ទៀត រកបានដោយសមាជិកក្លឹបក្រសួងការពារជាតិ ណារ៉ុង កក្កដា និងមិត្តរួមក្រុមរបស់ខ្លួន ។ ជ័យជម្នះនេះ បានជួយកម្ពុជា ឡើងឈរកំពូលតារាង និងមាន ៣ពិន្ទុ នាំមុខលើក្រុម U19ទីម័រខាងកើត និងមីយ៉ាន់ម៉ា ដែលមាន ១ពិន្ទុក្នុងដៃ ក្រោយក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ កាលពីល្ងាចមិញ ។

សូមបញ្ជាក់ថា ក្រោយជួយក្រុម U19ប្រ៊ុយណេយប់នេះ ក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Musashi Mizushima គឺក្រុម U19កម្ពុជា នឹងបន្ដជួបក្រុមខ្លាំងម៉ាឡេស៊ី នៅថ្ងៃទី០៤ ខែកក្កដាខាងមុខ មុនបន្ដជួបក្រុម U19 មីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែកក្កដា និងប្រកួតកាត់សេចក្ដីចុងក្រោយក្នុងពូលB ដោយជួបក្រុម U19ទីម័រខាងកើត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសម្រេចរកក្រុមឡើងវគ្គ ៤ក្រុមចុងក្រោយតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់