AFF Women: គ្រូកម្ពុជារំពឹងបាន ៣ពិន្ទុបន្ថែម ប៉ះម៉ាឡេស៊ីយប់នេះ

នូ មករា July 2, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងបន្ដជួបក្រុមបាល់ទាត់ជម្រើសជាតិនារីម៉ាឡេស៊ី នាវេលាម៉ោង ៧យប់នេះ នៅក្នុងជំនួបពូលA នៃព្រឹត្តិការណ៍បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF Women’s Championship 2018 នៅកីឡដ្ឋាន Bumi Sriwijaya ប្រទេសឥណ្ឌូនេស៊ី ។
សម្រាប់ការប្រកួតទី២ ក្នុងពូលនេះ លោក មាស សំអឿន គ្រូបង្វឹកក្រុមបាល់ទាត់នារីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះកូនក្រុម ដោយជឿជាក់អាចរកបាន ៣ពិន្ទុបន្ថែម ទោះបីក្រុមបាល់ទាត់នារីម៉ាឡេស៊ី មានបទពិសោធន៍ច្រើនជាងកម្ពុជា ក្នុងប្រវត្តិចូលរួមប្រកួតពានរង្វាន់ផ្សេងៗ លើឆាកអន្ដរជាតិក៏ដោយ ។
ការថ្លែងបែបនេះ បានធ្វើឡើងក្រោយក្រុមបាល់ទាត់នារីកម្ពុជា យកឈ្នះយ៉ាងចាស់ដៃលើក្រុមបាល់ទាត់នារីទីម័រខាងកើត ក្នុងលទ្ធផល ១២-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។ លោកថា ជ័យជម្នះនោះ គឺជាកម្លាំងមួយ ដែលរុញច្រានឲ្យកូនក្រុមកាន់តែខំប្រឹង ដើម្បីដណ្ដើម ៣ពិន្ទុជាមួយម៉ាឡេស៊ី សម្រាប់ធ្វើដើមទុនឈានទៅជួបក្រុមខ្លាំងថៃ និងអូស្ដ្រាលី ដែលជាក្ដីបារម្ភក្នុងពូល នាពេលខាងមុខ ។
គួរបញ្ជាក់ថា ជាបណ្ដោះអាសន្នក្រុមបាល់ទាត់នារីកម្ពុជា កំពុងឈរកំពូលតារាងមាន ៣ពិន្ទុស្មើក្រុមកីឡាការិនីអូស្រ្ដាលី គ្រាដែលក្រុមបាល់ទាត់នារីម៉ាឡេស៊ី មិនទាន់មានពិន្ទុរាប់ទេ ក្រោយត្រូវក្រុមកីឡាការិនីមាឌធំៗអូស្ដ្រាលី លត់ ៧-០ កាលពីចុងសប្ដាហ៍កន្លងទៅ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់