ប្រធានក្រុមនារីកម្ពុជា៖ យើងមានមាឌតូច ហើយមិនទាន់សាុំអាកាសធាតុ ប៉ុន្តែឆន្ទៈយើងមុតមាំ!

នូ មករា July 1, 2018


ភ្នំពេញ៖ កីឡាការិនី ហួត គឹមហុង ដែលបានបំពេញតួនាទីជាប្រធានក្រុមជម្រើសជាតិនារីកម្ពុជាក្នុងការប្រកួតជាមួយក្រុមទីម័រកាលពីល្ងាចម្សិលមិញ បានថ្លែងថា ជ័យជម្នះលើគូប្រជែងជាមួយនឹងលទ្ធផល ១២-០ គឺជាលទ្ធផល ដែលបានកើតចេញពីការខិតខំប្រឹងប្រែង និងសហការគ្នាបានល្អរបស់ក្រុមទាំងមូលបើទោះបីជាការប្រមូលផ្តុំមានរយៈពេលខ្លីនិងមិនទាន់សាំុនឹងអាកាសធាតុក៏ដោយចុះ ។

ខ្សែប្រយុទ្ធដែលរកបាន ៦គ្រាប់តែម្នាក់ឯងនេះបានបន្ថែមថា៖ “ក្រុមទាំងមូលធ្វើការបានយ៉ាងល្អ ហើយពុះពារហ្វឹកហាត់យ៉ាងខ្លាំងក្លាជាប្រចាំ ព្រោះយើងមានមាឌតូចល្អិត និងវ័យក្មេង ប៉ុន្តែឆន្ទៈយើងមុតមាំមិនរាថយ ហើយព្យាយាមធ្វើឲ្យបានល្អបំផុត ជាពិសេសយើងមានការយល់ចិត្តគ្នាបានល្អ និងយល់ពីបច្ចេកទេសនៃការបញ្ជូនបាល់ឱ្យគ្នាបានយ៉ាងរលូន” ។ កញ្ញាក៏បានថ្លែងអំណរគុណផងដែរដល់អ្នកគាំទ្រកម្ពុជាដែលបានតាមដាមទស្សនា និងលើកទឹកចិត្តដល់ក្រុមទាំងមូល ។ យ៉ាងណាក៏ដោយ កីឡាការិនីដែលមានប្រភពពីក្លឹបភ្នំពេញក្រោនរូបនេះហាក់ដូចជាមានក្តីបារម្មណ៍ខ្លះដែរចំពោះការប្រកួតបន្តបន្ទាប់ទៀតពិសេសជាមួយក្រុមខ្លាំងថៃ និងអូស្ត្រាលីតែម្តង ។

សូមបញ្ជាក់ថា ក្នុងការប្រកួតដំបូងក្នុងព្រឹត្តិការណ៍ AFF Women Championship 2018 កាលពីល្ងាចមិញ កីឡាការិនី ហួត គឹមហុង បានទាត់បញ្ចូលទីបាន ៦គ្រាប់ ខណៈដែលមិត្តរួមក្រុមរកបាន ៣គ្រាប់ រីឯកីឡាការិនី ភឿន គន្ធា, ណន មីនា  និង ឆាយ ស្រីលាភ រកបានម្នាក់ ១គ្រាប់ផងដែរ ។ នេះជាលទ្ធផលវិជ្ជមានមួយសម្រាប់ក្រុមនារីកម្ពុជាមុននឹងបន្តជួបក្រុមជម្រើសជាតិម៉ាឡេសុី នាវេលាម៉ោង ៧ល្ងាច ថ្ងៃទី២ ខែកក្កដា ខាងមុខ ៕

អត្ថបទ៖ មករា

មតិយោបល់