លីគកម្ពុជា៖ ណាហ្គា លត់ស្វាយរៀង ៤-០ ខណៈក្រោន និងបឹងកេតបន្ថែម ៣ពិន្ទុរៀងខ្លួន

នូ មករា July 1, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ណាហ្គាវើល បានដណ្ដើម ៣ពិន្ទុពេញពីក្រុមព្រះខ័នរាជស្វាយរៀង នៅក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ក្រោយយកឈ្នះក្រៅដីដោយលទ្ធផល ៤-០ នាល្ងាចថ្ងៃទី៣០ ខែមិថុនា ស្របពេលក្រុមភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកបឹងកេត បានបន្ថែម ៣ពិន្ទុដូចគ្នា តាមរយៈការយកឈ្នះលើគូប្រកួតរៀងៗខ្លួន ។ កាលពីជើងទី១ ក្រុមណាហ្គាវើល និងព្រះខ័នរាជស្វាយរៀងបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ ។
  
ប៉ុន្ដែជើងទី២ ក្រុមលោក មាស ចាន់ណា ធ្វើបានយ៉ាងល្អហួសពីការស្មានដោយអាចយកឈ្នះក្រៅដីដល់ទៅ ៤គ្រាប់ ជាមួយនឹងការធ្វើឲ្យក្រុមម្ចាស់ផ្ទះគ្មានឱកាសវាយបកទៀតផង ។ គ្រាប់បាល់ជ័យជម្នះរបស់ណាហ្គាវើល គឺធ្វើសម្រេចដោយកីឡាករ Bisan George ២គ្រាប់ និងសមាជិកថ្មី Song Chi-Hoon ២គ្រាប់ ។
ដោយឡែកក្រុមភ្នំពេញក្រោន គឺបានយកឈ្នះក្រុមសូលទីឡូអង្គរ ២-១ ក្នុងជំនួបក្រៅដីជើងទី២ ខណៈកាលពីជើងទី១ ភ្នំពេញក្រោនយកឈ្នះក្នុងដី ១-០ ។ ចំណែកក្រុមបឹងកេត បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-០ មិនឲ្យភ្លាត់ដូចកាលពីជើងទី១ ដែលបណ្ដោយឲ្យក្រុមអាស៊ីអឺរ៉ុប វាយបកតាមពីក្រោយ ៣-៤ ឡើយ ។ តាមរយៈជ័យជម្នះនេះ ក្រុមភ្នំពេញក្រោនបានឡើងឈរលេខ៥ បណ្ដោះអាសន្ននិងមាន ២១ពិន្ទុ គ្រាដែលបឹងកេត បន្ដឈរកំពូលតារាងមាន ៣០ពិន្ទុ និងក្រុមណាហ្គាវើលឈរលេខ២ មាន ២៨ពិន្ទុ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់