គ្រូណាហ្គាវើល សម្ដែងការគោរពក្រុមព្រះខ័នរាជស្វាយរៀង មុនប៉ះគ្នាល្ងាចនេះ

នូ មករា June 30, 2018


ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ជើងទី២ នឹងចាប់ផ្ដើមការប្រកួតនាល្ងាចថ្ងៃទី៣០ ខែមិថុនានេះហើយ ដោយថ្ងៃនេះមាន ៣ប្រកួតត្រូវជួបតតាំងគ្នា គឺក្រុមភ្នំពេញក្រោន ប៉ះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ លើទឹកដីខេត្តសៀមរាប, ក្រុមបឹងកេត ជួបក្រុមអាស៊ីអឺរ៉ុប លើទីលានពហុកីឡដ្ឋានជាតិ និងគូពិសេស គឺក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះទទួលក្រុមណាហ្គាវើល ។ ប៉ុន្ដែមុនជួបក្រុមព្រះខ័នរាជស្វាយរៀង គ្រូបង្វឹកក្រុមណាហ្គាវើលលោក មាស ចាន់ណា បានសម្ដែងការគោរព និងផ្ដាំផ្ញើដល់កូនក្រុម មិនត្រូវមានការមើលស្រាស ឬធ្វេសប្រហែស ចំពោះក្រុមដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអៀឡង់នេះឡើង ។
 
លោកបានបញ្ជាក់ថា ទោះបីបច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ត្រូវបាត់បង់កីឡាករសំខាន់ៗមួយចំនួន ដែលជាប់ពិន័យក្ដី ប៉ុន្ដែក្រុមនេះសម្បូរយុវជនមានសមត្ថភាពច្រើន ហើយថែមកម្លាំងថ្មី រួមមាន ប្រាក់ មុន្នីឧត្តម និងកីឡាករបរទេស ២រូបទៀត គឺអាចបង្កគ្រោះថ្នាក់គ្រប់ពេល ។ គេនៅចាំបានថា កាលពីជើងទី១ ប្រកួតលើទីលានពហុកីឡដ្ឋានជាតិ ក្រុមទាំងពីរ មិនអាចបំបែកពងមាន់គ្នាបានទេ ពោលគឺស្មើគ្នា ០-០ ។ ប៉ុន្ដែជើងទី២ ក្រុមទាំងពីរបានត្រៀមខ្លួនយ៉ាងល្អ ពិសេសគឺមានការផ្លាស់ប្ដូរកីឡាករថ្មីដូចគ្នា ជាក់ស្ដែងព្រះខ័នរាជស្វាយរៀងបាននាំចូលកីឡាករ ប្រាក់ មុន្នឧត្តម ដែលធ្លាប់លេងឲ្យក្លឹបម៉ាឡេស៊ី, កីឡាករអង់គ្លេស Harley Willard និងកីឡាករប្រេស៊ីល Sergio Barboza ។ រីឯក្រុមណាហ្គាវើល គឺបានបន្ថែមខ្សែប្រយុទ្ធកូរ៉េខាងត្បូង Song Chi-Hoon និងអ្នកចាំទីឆ្នើម ស៊ូ យ៉ាទី ។ ដូច្នេះលទ្ធផលយ៉ាងណា នៅមិនទាន់ដឹងនោះទេ ។
ដោយឡែកជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមសូលទីឡូអង្គរ កាលពីជើងទី១ គឺក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះក្នុងលទ្ធផល ១-០ ។ ចំណែកក្រុមបឹងកេត កាលពីជើងទី១ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-៣ ។ ហេតុនេះ ចាំមើល តើថ្ងៃនេះក្រុមភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកបឹងកេត អាចបន្ដដណ្ដើមបាន ៣ពិន្ទុបន្ថែម ឬក៏អត់? ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់