ប្រាក់ មុន្នីឧត្តម ប្រាប់មូលហេតុ ៣យ៉ាង ជុំវិញការត្រឡប់មកជួយក្លឹបចាស់!

នូ មករា June 29, 2018


ភ្នំពេញ៖ ទីបំផុតកីឡាករស្នូលដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម ក៏មិនខុសពីមិត្តរួមជាតិ ចាន់ វឌ្ឍនាកា ដែរ ដោយត្រឡប់មកលេងក្លឹបរបស់ខ្លួនវិញ គឺក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីត្រូវបានក្លឹបសមាជិកលីគកំពូលម៉ាឡេស៊ី បញ្ចប់កុងត្រាដូចគ្នា កាលពីពេលថ្មីៗ ។ យ៉ាងណាមិញ ជុំវិញការត្រឡប់មកជួយដល់ក្លឹបចាស់ ត្រូវបាន មុន្នីឧត្តម បញ្ជាក់ថា ដោយសារមូលហេតុ ៣យ៉ាង ពិសេសគឺការទទួលបាននូវលទ្ធផលមិនល្អក្នុងការប្រកួតជើងទី១ នៃលីគកំពូលកម្ពុជាតែម្ដង ។
អតីតសមាជិកក្រុម Negeri Sembilan រូបនេះ បាននិយាយថា៖ «កត្ដាធ្វើឲ្យខ្ញុំត្រឡប់មកលេងជាមួយព្រះខ័នរាជស្វាយរៀង គឺមាន ៣យ៉ាង ទី១ គឺខ្ញុំគិតថា ទម្រង់លេងរបស់ក្លឹបជើងទី១ អត់បានល្អ ហើយទី២ ខ្ញុំគិតថា ពេលនេះក្រុមយើងកំពុងមានបញ្ហាកីឡាករ ដោយសារការជាប់ពិន័យ និងទី៣ ខ្ញុំមានអារម្មណ៍សោកស្ដាយ ចំពោះការវិលត្រឡប់របស់ខ្ញុំ តែអត់បានលេងជាមួយកីឡាករ ដែលយើងលេងត្រូវជើងគ្នា ហើយបាត់បង់កីឡាកររបួស និងកីឡាករជាប់ពិន័យ ។ ចឹងខ្ញុំរំពឹងកីឡាករក្មេងៗ ដែលឡើងមកជំនួបកីឡាកររាមច្បង នឹងខិតខំលេងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ» ។
បន្ថែមលើនេះ ប្រាក់ មុន្នីឧត្តម នៅតែមានក្ដីរំពឹងអាចជួយក្រុមព្រះខ័នរាជស្វាយរៀង ស្រោចស្រង់ស្ថានការឲ្យបានល្អប្រសើរឡើងវិញ សម្រាប់ការប្រកួតជើងទី២ នាពេលខាងមុខ តាមរយៈការពួតដៃជាមួយកីឡាករយុវជន និងកីឡាកររួមជំនាន់មួយចំនួន ក៏ដូចជាកីឡាករបរទេស ២រូប ដែលទើបត្រូវបានក្លឹបចុះកិច្ចសន្យាជាមួយកាលពីព្រឹកមិញ គឺកីឡាករអង់គ្លេស Harley Willard និងកីឡាករប្រេស៊ីល Sergio Barboza ដើម្បីជួយក្រុមកំពុងឈរលេខរៀងទី៨ បណ្ដោះអាសន្ននេះ ឲ្យទទួលបានល្អប្រសើរទាំងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup ផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់