អីយ៉ាស! បឹងកេត ចុះកិច្ចសន្យាជាមួយកីឡាករថ្មីជាតារាចម្រៀងល្បីក្នុងក្រុម  Mustache Band 

នូ មករា June 29, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត ទើបតែបានប្រកាសពីការចុះកិច្ចសន្យាជាមួយកីឡាករថ្មីមួយរូបបន្ថែមទៀតដែលជាតារាចម្រៀងល្បីមួយរូបក្នុងក្រុម  Mustache Band ដែលកំពុងទទួលបានការគាំទ្រពីសំណាក់យុវវ័យកម្ពុជា គឺ លោក ចេន ដែលជាម្ចាស់បទ “សម្បថនិស្ស័យ” និង “មនុស្សប្រុសម្នាក់នេះសំខាន់នៅពេលណា” ។ តាមការបញ្ជាក់របស់ក្លឹប ក្រៅពីអាជីពជាអ្នកសិល្បៈតារាចម្រៀងរូបនេះក៏មាន​ទេពកោសល្យ និង​ចំណូល​ចិត្ត​ខ្លាំង​លើ​វិស័យ​កីឡា​ជា​ពិសេស​គឺ​កីឡា​បាល់ទាត់​​តែម្ដង​ ជាហេតុបណ្តាលឱ្យក្លឹបបឹងកេតសម្រេចចុះកិច្ចសន្យាជាផ្លូវការតែម្តង ។

នៅក្នុងការប្រកាសនេះក្លឹបបានសរសេរថា៖ “សូម​ស្វាគមន៍​ ចេន មក​កាន់​ក្លិប​បឹង​កេត ថ្ងៃ​នេះ​ក្លិប​មានកិត្តិយស​សូម​ជម្រាប​ជូនពីការ​ចុះ​កិច្ច​ហត្ថលេខាជាមួយ​កីឡាករ​​ចំណូល​ថ្មី​ ចេន មក​ចូល​រួម​ជាមួយ​យើង​។​ ចេន ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា​តារាង​ចម្រៀង​វ័យ​ក្មេង​ដែលសម្លេង​ពិរោះ​​គ្រប់​បទ​​ចម្រៀង​របស់​​ ចេន ​សុទ្ធតែ​ចាក់​ចំ​បេះ​ដូង​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ជា​និច្ច​។ ក្រៅពីអាជីពជាតារាចម្រៀងនៅក្រុម Mustache Band ចេន មាន​ទេពកោសល្យនិង​ចំណូល​ចិត្ត​ខ្លាំង​លើ​វិស័យ​កីឡា​ជា​ពិសេស​គឺ​កីឡា​បាល់ទាត់​​តែម្ដង​។ ​ដូច្នេះ ចេន សង្ឃឹម​ថាអ្នក​គាំ​ទ្រ​ទាំង​អស់​នឹង​ផ្ដល់​កំលាំង​ចិត្ត​ដល់​រូប​គេដើម្បី​​ជម្រុញ​ឲ្យ​ខ្លួនគេ​កាន់​តែ​មាន​កំលាំង​ចិត្ត​ក្នុង​ការ​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡាករ​អាជីព​យ៉ាង​ពិត​ប្រាកដ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។”

សូមបញ្ជាក់ថា កីឡាកររូបនេះនឹងបំពេញតួនាទីជាខ្សែប្រយុទ្ធស្លាប ជាមួយនឹងស្លាកលេខ៩៥ សម្រាប់ក្រុមដែលកំពុងឈរកំពូលតារាងមួយនេះ ខណៈដែលក្លឹបក៏ទើបតែចុះកិច្ចសន្យាជាថ្មីជាមួយខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់កម្ពុជា ចាន់ វឌ្ឍនាកា ផងដែរនោះ ៕

អត្ថបទ៖ មករា

មតិយោបល់